ត្រឹម៣ខែ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD ចំណេញជាង ៦០០លានដុល្លារ

ប៉េកាំង៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ មានចំនួនជាង ៦៣០លានដុល្លារ កើនឡើងចំនួន ១០.៦២ភាគរយ បើធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុន BYD បានឱ្យដឹងថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួនជាង ១៧ពាន់លានដុល្លារ ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២៤នេះ កើនឡើង ៣.៩៧ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមឯកសារផ្សារហ៊ុន។ ក្រុមហ៊ុន BYD ក៏បាននិយាយដែរថា ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងទីផ្សាររបស់ខ្លួន ក៏បានកើនឡើងនៅក្នុងត្រីមាសទី១ឆ្នាំនេះផងដែរ។

BYD ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិន កំពុងវាយលុកយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារក្រៅប្រទេស រួមទាំងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ទ្វីបអាមេរិកឡាទីន និងអឺរ៉ុប។ តួយ៉ាង ក្រុមហ៊ុនចិន BYD បានវ៉ាដាច់ក្រុមហ៊ុនអាមេរិក Tesla របស់លោក Elon Musk នៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្លាយជាក្រុមហ៊ុនលក់ឡានអគ្គិសនីកំពូលរបស់ពិភពលោក។

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Tesla បានដណ្តើមតំណែងរបស់ខ្លួនពីក្រុមហ៊ុន BYD មកវិញ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ ប៉ុន្តែ BYD នៅតែឈរនៅលំដាប់កំពូលនៅក្នុងទីផ្សារឡានអគ្គិសនីរបស់ប្រទេសចិន។ ក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិន បានកត់ត្រាប្រាក់ចំណេញប្រចាំឆ្នាំសរុបជាង ៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៣៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner