ប្រយ័ត្ន! ខេត្តចំនួនប្រាំពីររបស់កម្ពុជាមានអត្រាជំងឺគ្រុនចាញ់ខ្ពស់បំផុត

ភ្នំពេញ:នៅកម្ពុជា ខេត្តចំនួនប្រាំពីរកំពុងតែតស៊ូជាមួយនឹងជំងឺគ្រុនចាញ់ ដែលមានអត្រាអ្នកកើតជំងឺនេះខ្ពស់ជាងបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។ ខេត្តទាំងនេះមាន ស្ទឺងត្រែង មណ្ឌលគីរី កំពង់ស្ពឺ រតៈគិរី ព្រះវិហារ ពោធិសាត់ និងខេត្តក្រចេះ។

ក្នុង រយៈពេលបួនខែដើម ឆ្នាំ ២០២៤នេះ ខេត្តទាំងប្រាំពីរមានករណីជំងឺគ្រុនចាញ់សរុប ១៨៧ ក្នុងចំណោម ២០១ ករណីនៅ២៥រាជធានីខេត្ត។ ក្នុងនោះខេត្តស្ទឹងត្រែងមានអត្រាជំងឺនេះខ្ពស់ជាងគេរហូតដល់ទៅ ៩៦ករណី ខេត្តមណ្ឌលគីរីមាន ៤២ករណី។ ចំណែក ខេត្តប្រាំផ្សេងទៀតមានអត្រាចន្លោះពី៥ទៅជិត២០ករណី។
បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ អត្រាកើតជំងឺគ្រុនចាញ់នេះបានថយចុះជាង៦០ភាគរយ ក៏ប៉ុន្តែ លោក វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធាន ការិយាល័យ បច្ចេកទេស នៃ មជ្ឈមណ្ឌល ជាតិ ប្រយុទ្ធ នឹង ជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីត សា ស្ត្រ និង បាណក សាស្រ្ត បានប្រាប់ទូរទស្សន៍អប្សរាថា ភាពងាយរងគ្រោះជាពិសេសសម្រាប់ខេត្តទាំង៧នោះ គឺនៅតែខ្ពស់។ នេះដោយសារតែទីតាំងភូមិសាស្ត្រ ដូចជាស្ថិតនៅតំបន់ដាច់ស្រយាល ខ្ពង់រាប និងកន្លែងមានព្រៃឈើច្រើនជាដើម។
ពេញមួយឆ្នាំ ២០២៣ កម្ពុជាមានករណីជំងឺគ្រុនចាញ់សរុប ១ ៣៤៨ ធៀបនឹងឆ្នាំ២០១១ មាន១១ម៉ឺនករណី។ គិត្រឹមឆ្នាំ ២០២៣ អ្នកស្លាប់ដោយសារជំងឺនេះមានចំនួន ៦៤៨៤នាក់។ រាជរដ្ឋាភិបាលមានផែនការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទឲ្យបាននៅឆ្នាំ២០២៥។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលឹកឲ្យស្ថាប័នពាក់ព័ន្ធប្រឹងសម្រេចគោលដៅនេះ។

លោក វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន រំពឹងថា ក្រសួងអាចសម្រេចគោលដៅនេះបាន តាមរយៈការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពីការការពារ តាមដានស្ថានភាពជំងឺ និងពង្រីកគោលដៅលើការផ្តល់សេវាសុខភាពនៅតាមសហគមន៍នៅទូទាំងប្រទេស។
ជំងឺគ្រុនចាញ់មានច្រើនប្រភេទ ដែលបង្កឡើងដោយមេរោគប៉ារាស៊ីតមួយហៅថា ប្លាស្មូដ្យូម និងត្រូវបានចម្លងទៅមនុស្សតាមរយៈមូសខាំជាពិសេសនៅពេលយប់។ ជំងឺគ្រុនចាញ់ប្រភេទសន្ធំអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេល១ឬ២ថ្ងៃក្រោយការឆ្លងរោគ។ ជំងឺនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាពិសេសចំពោះកុមារអាយុក្រោម៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានមេរោគអេដស៍/ជំងឺអេដស៍។ នេះបើយោងតាមគេហទំព័រ hesperian health guide របស់កាណាដាដែលមានក្រុមការងាររាយការណ៍ពីព័ត៌មានទាក់ទងនឹងសុខភាពនៅកម្ពុជា៕
 ដោយ:សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner