ការស្ទង់មតិ៖ អ្នកសារព័ត៌មានចំនួន៧៩,៨% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

អ្នកសារព័ត៌មានចំនួន៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះជាលទ្ធផលនៃការស្ទង់មតិថ្មីមួយ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាព របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។

សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាព សេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំង ដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្រ្តចម្រុះ គឺវិធីសាស្រ្តគុណវិស័យ និងវិធីសាស្ត្រ បរិមាណវិស័យ តាមរយៈ៖ ១)ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១នាក់ តាមបណ្តា រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស, ២) ការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review) រាប់បញ្ចូលទាំងរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស, និង ៣) និងការសម្ភាសន៍ជាមួយឥស្សរជន និងបុគ្គល សំខាន់ៗក្នុងវិស័យព័ត៌មាន៕
ដោយ៖ពលជ័យ
រូបភាព៖ខឹម សុវណ្ណារ៉ា

ads banner