ឯកអគ្គរដ្ឋទូតតួកគី៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា

ភ្នំពេញ៖ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា ជាពិសេសឯកឧត្តម ប្រាក់ សុខុន ផ្ទាល់ និងសហការី ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីបានកត់សម្គាល់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការរវាងតួកគី និងកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរជូនចំពោះឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យធំៗបន្ថែមទៀតក្នុងមុខតំណែងថ្មីនេះ។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមរំលែកទុក្ខ ចំពោះឧបទ្ទវហេតុថ្មីៗនេះ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតនាយទាហាន និងពលទាហានរបស់កម្ពុជាមួយចំនួន និងសូមបន់ស្រន់ឱ្យអ្នកដែលរងរបួសឆាប់បានជាសះស្បើយឡើងវិញ។

ចំណែកឯកឧត្តម ប្រាក់ សុខុន បានសម្តែងក្តីសប្បាយរីករាយដែលបានជួបជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ជាលើកដំបូងក្នុងនាមជាអនុប្រធានទី១ ព្រឹទ្ធសភា។ ជាការឆ្លើយតប ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជានិងតួកគីមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាមួយគ្នា។ ឯកឧត្តមក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកជំទាវឯកអគ្គរដ្ឋទូត ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា ដែលជំនួបទាំងពីរនេះ បានរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីគោលដៅអាទិភាពរបស់សម្តេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភា គឺសម្តេចចង់ប្រែក្លាយស្ថាប័នព្រឹទ្ធសភាឱ្យក្លាយជាសភាការទូតដ៏សកម្ម។ ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តម សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-តួកគី នឹងមានសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបឯកឧត្តមអនុប្រធានទី១ ថាស្ថានទូតតួកគីប្រចាំកម្ពុជាគ្រោងនឹងរៀបចំពិពណ៌រូបភាពឯកសារ និងរូបភាពនៃសកម្មភាព ទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៩មក ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្តនិងអំណរសាទរ ចំពោះការបើកការិយាល័យពាណិជ្ជកម្ម និងមជ្ឈមណ្ឌលវប្បធម៌តួកគី នៅកម្ពុជា។ ម្យ៉ាងទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគី មកកម្ពុជា។ លោកជំទាវសង្ឃឹមថាជើងហោះហើរនេះនឹងជួយឲ្យការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល និងពង្រីកកំណើនទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកជំទាវក៏បានសម្តែងការអរគុណចំពោះសភាកម្ពុជាដែលបានគាំទ្រតួកគីចូលជាអ្នកសង្កេតការណ៍របស់អាយប៉ាកន្លងមក។ ជាមួយគ្នានេះ លោកជំទាវ បានស្នើសុំកម្ពុជាគាំទ្រតួកគីជាដៃគូពិភាក្សា (Dialogue Partner) របស់អាស៊ាន និងគាំទ្រគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif Foundation នៅក្នុងការរួមចំណែកអភិវឌ្ឍស័យអប់រំនៅកម្ពុជា។ Maarif Foundation គឺជាមូលនិធិមិនសំដៅប្រាក់ចំណេញដែលយកចិត្តទុកដាក់លើការកសាងគ្រឹះស្ថានអប់រំនៅបរទេស ហើយមូលនិធិនេះក៏មានការផ្តល់អាហាររូបករណ៍តាមសកលវិទ្យាល័យផងដែរ។

ជាចុងក្រោយ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបលោកជំទាវថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif និងគាំទ្រប្រទេសតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងបានសម្តែងការជឿជាក់ថា ឯកឧត្តមប្រធានសភាតួកគីនឹងអញ្ជើញចូលរួមវេទិកាអត់ឱន និងសន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នៅកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា

ads banner