ដើមឆ្នាំនេះ Samsung ចំណេញជាង៤ពាន់លានដុល្លារ លើសឆ្នាំមុន១០ដង

សេអ៊ូល: ទោះសេដ្ឋកិច្ចមិនសូវល្អ ក្រុមហ៊ុន Samsung Electronics នៅតែរកប្រាក់ចំណេញបាន។ ៣ខែដើមឆ្នាំនេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងនេះ ចំណេញជាង៤ពាន់លានដុល្លារ ចំពេលតម្លៃ និងតម្រូវការបន្ទះឈីបស្ទុះងើបឡើងវិញជាមួយនឹងការបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត AI ជំនាន់ថ្មី។
 
ក្រុមហ៊ុន Samsung បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រាក់ចំណេញនេះកើនឡើងជិត ១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមជាង ៤០០លានដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនSamsung បានឱ្យដឹងថា ការលក់ផលិតផលរបស់ខ្លួនបានកើនឡើងជិត១៣ភាគរយដល់ ៥២ពាន់លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធបានកើនឡើងប្រហែល ៣៣០ភាគរយ ដល់ជាង ៤ពាន់លានដុល្លារ។
 
ក្រុមហ៊ុន Samsung បានអះអាងថា ខ្លួនបានបណ្តាក់ទុនជាង ៥ពាន់លានដុល្លារ សម្រាប់កិច្ចការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ត្រីមាសទី១នេះដែលនេះជាការវិនិយោគប្រចាំត្រីមាសដ៏ធំបំផុតមិនធ្លាប់មាន។
ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលមួយនេះក៏បានឱ្យដឹងដែរថា គិតចាប់ពីខែមករាដល់ខែមិនាឆ្នាំនេះ អាជីវកម្មបន្ទះឈីបរបស់ខ្លួនរកចំណូលបានជាង១៦ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណេញជាង ១ពាន់លានដុល្លារ។នេះជាលើកដំបូងហើយ ដែលផ្នែកបន្ទះឈីបរបស់ក្រុមហ៊ុន Samsung បានប្រកាសពីប្រាក់ចំណេញ ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២។
 
សម្រាប់វិស័យស្មាតហ្វូនវិញ ក្រុមហ៊ុន Samsung រកចំណូលបានជាង២៤ពាន់លានដុល្លារពីការលក់ និងជាង ១ពាន់លានដុល្លារជាប្រាក់ចំណេញ។ ក្រុមហ៊ុន Samsung ក៏បានអះអាងដែរថា ការនាំចេញស្មាតហ្វូន និងថេប្លេតមានចំនួន ៦០លានគ្រឿង និង ៧លានគ្រឿងនៅក្នុងត្រីមាសទី១ឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner