អាកាសធាតុក្តៅខ្លាំងសម្លាប់ត្រីមេពូជនៅបឹងទន្លេសាប ទិន្នផលត្រីធ្លាក់ចុះ

ការឡើងកម្តៅនៅសកលលោក និងទូទាំងប្រទេសកម្ពុជានាពេលនេះ បានសម្លាប់ត្រីមេពូជ និងកំពុងធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវទិន្និផលត្រីធម្មជាតិ និងត្រីចិញ្ចឹមក្នុងស្រុក ជាសញ្ញាហានិភ័យសម្រាប់ឧស្សាហកម្មនេសាទ និងវិស័យជលផលរបស់ខ្មែរ។ បឹងទន្លេសាបដ៏ល្បីល្បាញ ដែលធ្លាប់តែសម្បូរត្រី ពេលនេះទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិអាកាសធាតុ ដោយត្រីបានថយចុះគំហុកក្នុងរដូវប្រាំងនេះ។

លោក លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានប្រាប់ទូរទស្សន៍អប្សរាថា កម្តៅខ្លាំងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ ស្ទឹង បឹងបួរ និងជម្រកត្រី នៅគ្រប់កន្លែង។ លោកថា ជាធម្មតា ប្រជានេសាទខ្មែរម្នាក់អាចនេសាទត្រីបានពី ៣ទៅ៥គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះពួកគេរកបានច្រើនបំផុត ២ ទៅ៣គីឡូក្រាម និងថ្ងៃខ្លះរកមិនបាន។  

កាន់តែធ្ងន់ធ្ងរ លោក លាង សុផា បញ្ជាក់បន្ថែមថា ត្រីមេពូជមួយចំនួនបានងាប់បណ្តើរៗ ដែលគំរាមកំហែងវិស័យជលផល និងអាចមានផលប៉ះពាល់យូរអង្វែង។
លោក បានបញាក់៖«ពេលរដូវប្រាំងនេះ វាអស់ទឹករលីងហើយ ដូចនៅទន្លេសាបអី នៅសល់ទឹកតែតិចកន្លែងណាជ្រៅទេ។ ចឹងមេពូជ វាបង្កនៅហ្នឹង តែបើកាលណា មេពូជអស់ទៀត រដូវវស្សាមក អត់មានពូជត្រី។ សល់មេពូជតិច ដល់ឆ្នាំបន្ទាប់ វាអាចស្តារឡើងវិញបាន ប៉ុន្តែមិនអាចល្អប្រសើរច្រើនទេ។ យើងទាមទារពេលវេលាច្រើនឆ្នាំទៀត ទម្រាំវាកើតច្រើនឡើងវិញ»។

ភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា សីតុណ្ភភាពនៅទ្វីអាស៊ីបានឡើងដល់៤៥អង្សារនៅប្រទេសមួយចំនួន។ តំបន់ខ្លះនៃប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ កម្តៅឡើងលើស៤០អង្សារសេ។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទូរទស្សន៍អប្សរាថា ត្រីចិញ្ចឹមក៏ធ្លាក់ចុះដែរ ដែលនាំឲ្យបង្កើនការនាំចូលត្រីពីប្រទេសជិតខាងដើម្បីបំពេញតម្រូវការ។

គួរសម្គាល់ថា វិស័យជលផលដើរតួនាទីសំខាន់ណាស់សម្រាប់កម្ពុជា។ វាជាប្រភពអាហារូបត្ថម្ភសម្រាប់ពលរដ្ឋទូទាំងប្រទេស និងប្រភពចំណូលរបស់មនុស្សជាង ៦លាននាក់។ ៦០ភាគរយនៃទិន្នផលនេសាទសរុបជាង៤០ម៉ឺនតោនក្នុងមួយឆ្នាំដែលមានតម្លៃប្រមាណ២០០លានដុល្លារមានប្រភពពីបឹងទន្លេសាប ដែលមានត្រីជាង២០០ប្រភេទ។

នេះបើយោងតាមតួលេខពីរដ្ឋបាលជលផល។ យោងតាមលោក លាង សុផា ប្រជានេសាទខ្មែរមានជាង ១ លាន ៥ សែននាក់ ច្រើននេសាទលក្ខណៈគ្រួសារ ដោយប្រជានេសាទម្នាក់អាចរកចំណូលបានចន្លោះ១ ពាន់ដុល្លា ទៅ ៣ពាន់ដុល្លាក្នុង១ឆ្នាំ។ ផ្អែកតាមទិន្នន័យនេះ លោក អ៊ុ ណារី មេឃុំ និងជាអតីតប្រធានសហគមន៍ចុងឃ្នៀស ខេត្តសៀមរាប និយាយថា ការធ្លាក់ចុះទិន្នផលត្រី និងងាប់ត្រីមេពូជ ប៉ះខ្លាំងជាងគេលើប្រជានេសាទសម្រាប់ចិញ្ចឹមជីវិត និងប្រជាជនខ្មែរដែលនិយមបរិភោគត្រី។

យោងតាមរដ្ឋបាលជលផល ពលរដ្ឋខ្មែរម្នាក់ៗហូបត្រីស្រស់់ចន្លោះពី ៣៧ គក្រ/ឆ្នាំទី ៦៧ គក្រ/ឆ្នាំ ច្រើនជាងប្រជាជននានានៅលើពិភពលោកដែលម្នាក់ៗហូបត្រីជាមធ្យមអស់ ១៥ គក្រ ប៉ុណ្ណោះ។

លោកស្រី Supin Wongbusarakum មន្រ្តីអន្តរជាតិផ្នែកសហគមន៍នេសាទ បានប្រាប់ទូរទស្សន៍អប្សរាថា ដើម្បីអាចរក្សាត្រីធម្មជាតិឱ្យមាននិន្តរភាព ការរក្សាមេត្រីពូជ ការទប់ស្កាត់ការនេសាទដោយខុសច្បាប់ ការរក្សាអន្លង់ ព្រៃលិចទឹក គឺជាវិធានការចាំបាច់។

លោក លាង សុផា នៃរដ្ឋបាលជលផល យល់ស្រប ហើយថារដ្ឋបាលជលផល កំពុងតាមដានត្រីមេពូជ គ្រប់គ្រងប្រភពទឹក និងទប់ស្កាត់បទល្មើសនេសាទ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner