ទឹកក្រោមដីប្រឈមរីងខះក្នុងតំបន់មួយចំនួននៅប្រាំបីខេត្ត សញ្ញាគ្រោះរាំងស្ងួត

ភ្នំពេញ៖ អាកាសធាតុក្តៅហួតហែងមិនត្រឹមតែធ្វើឲ្យទន្លេ ស្ទឹង បឹងបួរ ហួតទឹកប៉ុណ្ណោះទេ តែកំពុងគំរាមគំហែងដល់ទឹកក្រោមដីទៀត។ អង្គការ អេកសិន អេដ(Action Aid )ដែលបេសកកម្មមួយផ្នែកផ្តោតលើទឹក និងអនាម័យ បានរកឃើញថា ទឹកក្រោមដីប្រឈមរីងខះ នៅតំបន់មួយចំនួននៃខេត្តចំនួន៨ មានខេត្តពោធិ៍សាត់ កំពត កំពង់ស្ពឺ កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។

អេកសិន អេដ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយភ្ជាប់ជាមួយនឹងរូបភាពក្តៅស្ងួតហួងហែងផង អង្គការនេះថា ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល នឹងដាក់ចេញវិធានការដើម្បីសង្រ្គោះបន្ទាន់ដោយបញ្ចៀសកុំឱ្យមានគ្រោះរាំងស្ងួតដែលអាចនឹងកើតមានឡើង។

មន្ត្រីនៃអង្គការ Action Aid ដែលសុំមិនបង្ហាញអត្តសញ្ញាណបានផ្តល់ព័ត៌មានបឋមតាមរយៈទូរទស្សន៍អប្សរាថា ការវាយតម្លៃនេះគឺផ្អែកតាមឧបករណ៍វាស់កម្រិតទឹកក្រោមដី ហើយថាក្រុមការងារកំពុងវិភាគទិន្ន័យ មុននឹងអាចផ្តល់ព័ត៌មានលម្អិតជាងនេះ។
ការរកឃើញនេះ ស្របគ្នាទៅនឹងការប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបញ្ជាក់ថា ខេត្តចំនួន១០ កំពុងប្រឈមការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ បើនៅតែបន្តមិនមានភ្លៀងធ្លាក់ ហើយកម្តៅកាន់តែក្តៅឡើង។
យោងតាមរបាយការណ៍ចេញផ្សាយរួមគ្នាដោយគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហិន្តរាយ រួមជាមួយស្ថាប័នជាតិ និងអន្តរជាតិចំនួនប្រាំផ្សេងទៀត បានឲ្យដឹងថា ប្រទេសកម្ពុជា ធ្លាប់មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរចំនួនបួនដង គឺឆ្នាំ១៩៩៥, ១៩៩៨, ឆ្នាំ២០០១ និងឆ្នាំ២០០២។ គ្រោះនៅឆ្នាំ២០០១ បានធ្វើប្រជាជនប្រមាណជាងប្រាំសែននាក់ ខ្វះខាតស្បៀងអាហារ ហើយគ្រោះរាំងស្ងួតក្នុងឆ្នាំ២០០២ បានធ្វើឱ្យដំណាំកសិកម្មប្រមាណប្រាំពីរម៉ឺនហិកតាក្នុងខេត្តចំនួនប្រាំបីរងគ្រោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មិនទាន់អាចសុំការឆ្លើយតបអំពីការវាយតម្លៃរបស់អង្គការ Action Aid នេះបាននៅឡើយទេ។ ប៉ុន្តែកន្លងមកមន្ត្រីជាន់ខ្ពស់ទាំងពីរធ្លាប់បានប្រាប់ទូរទស្សន៍អប្សរាថា រាជរដ្ឋាភិបាលបានចាត់វិធានការជួយសង្គ្រោះជាបន្តបន្ទាប់រួមទាំងការផ្គត់ផ្គង់ទឹកតាមរយៈរថយន្តសម្រាប់ដំណោះស្រាយបន្ទាន់ និងសម្រាប់រយៈពេលវែងមានការស្តារប្រឡាយ និងបង្កើនអាងស្តុកទឹកជាដើម។ ប៉ុន្តែ លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលគោលនយោបាយ និយាយថា រដ្ឋគួរគិតគូរពីការជីកស្រះសហគមន៍ ការដាំឈើ និងការស្វែងរកបច្ចេកវិទ្យាទំនើបដែលអាចសន្សំទឹកប្រើប្រាស់៕
ដោយៈឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner