កម្ពុជា បច្ចុប្បន្នមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ចំនួនប្រាំមួយ នៅក្នុងរាជធានី-ខេត្តចំនួន ៦

ភ្នំពេញ៖ កម្ពុជា បច្ចុប្បន្នមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួនប្រាំមួយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។

រោងចក្រផ្គុំ និងដំឡើងរថយន្តទាំងប្រាំមួយរួមមាន រោងចក្ររបស់ក្រមហ៊ុន DAEHANAUTO ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២ នៅខេត្តស្វាយរៀង ផលិតរថយន្តSAMYUNG។ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE ចាប់ផ្តើមឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់ ផលិតរថយន្ត FORD ។រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR ចាប់ផ្តើមឆ្នាំ២០២២ នៅខេត្តកោះកុង ផលិតរថយន្ត HYUNDAI។ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY ចាប់ផ្តើមឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ ផលិតរថយន្ត KIA។រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR នៅខេត្តកណ្តាល និងកំពុងដំណើរការសាកល្បង។ រោងចក្ររបស់TOYOTA TSUSHOMANUFACTURING មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ទាក់ទងនឹងស្ថានភាពទូទៅនៃរោងចក្រនៅកម្ពុជា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រដំណើរការមានចំនួន ២,១៧៥រោងចក្រ កើនឡើងចំនួន ១៧៨រោងចក្រ ស្មើនឹង៨.៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រោងចក្រកើតថ្មី មានចំនួន៥៥រោងចក្រ កើនឡើងចំនួន ១១រោងចក្រ ស្មើនឹង ២៥% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមថា ទុនវិនិយោគសរុប មានជាង ១៩,០៦១.៣លានដុល្លារអាមេរិក មានការកើនឡើងជាង ២,២៧៣.៩លានដុល្លារស្មើនឹង ១៣.៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទុនវិនិយោគក្នុងស្រុក មានជាង៤,១០៥.៥លានដុល្លារ ស្មើនឹង២១.៥៤%នៃទុនវិនិយោគសរុប។រោងចក្រធុនធំ ដែលមានប្រភពវិនិយោគមកពីប្រទេសជប៉ុន កំពុងដំណើរការមានចំនួន ៨១ រោងចក្រ ស្មើនឹង ៣,៧០% នៃចំនួនរោងចក្រសរុប មានការកើនឡើងចំនួន ២ រោងចក្រ ស្មើនឹង ២,៥៣% បើធៀបទៅនឹងឆ្នាំ២០២៣ ហើយមានទុនវិនិយោគសរុបស្មើនឹង ៦៤៤,៧៦ លានដុល្លារ ៕
ដោយៈវណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner