អ៊ែរ អេស៊ា ខ្មែរ ចេញដឹកភ្ញៀវថ្ងៃដំបូងប្រើយន្តហោះបារំាង អ៊ែរ ប៊ើសA320 ពីរគ្រឿង

ភ្នំពេញៈនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា(Air Asia Cambodia )ចាប់ផ្តើមបើកការហោះហើរទៅខេត្តព្រះសីហនុ និងសៀមរាបជាផ្លូវការ ដោយប្រើយន្តហោះពីរគ្រឿងផលិតនៅប្រទេសបារាំង ប្រភេទ អ៊ែរប៊ើស(Airbus A320)។ យន្តហោះនេះអាចដឹកអ្នកដំណើរជាង២០០នាក់។
លើកឡើងក្នុងពិធីសម្ពោធផ្លូវការថ្ងៃពុធនេះ ឯកឧត្តម  ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និយាយថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃវិស័យអាកាសចរណ៍របស់កម្ពុជា។

លោក Tony Fernandes ទីប្រឹក្សា និងជានាយកនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group ប្រជាជនកម្ពុជារាប់លាននាក់នឹងអាចធ្វើដំណើរបានតាមយន្តហោះក្នុងតម្លៃសំបុត្រទាបបំផុត។ យោងតាមគេហទំព័រលក់សំបុត្ររបស់ AirAsia តម្លៃសំបុត្រពីរាជធានីភ្នំពេញទៅខេត្តសៀមរាប សម្រាប់ថ្ងៃស្អែក មានតម្លៃ $35សម្រាប់មួយកន្លែងដោយរាប់បញ្ជូលទាំងពន្ធ។ តម្លៃនេះថោកជាងក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ដែលលក់សំបុត្រពីភ្នំពេញទៅសៀមរាបប្រហែល ៨០ដុល្លារ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់ទូរទស្សន៍អប្សរាថា ជើងហោះហើរក្នុងស្រុកដំបូងរបស់ Air Asia មានចំនួនភ្ញៀវទេសចរពេញ ១០០ភាគរយគឺ ១៨០នាក់ ពីភ្នំពេញទៅខេត្តសៀមរាប។ ដោយឡែកពីសៀមរាប ទៅព្រះសីហនុ មានចំនួន ភ្ញៀវ ៤០ភាគរយនៃចំនួនសរុប។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា មើលឃើញពីសញ្ញាល្អក្នុងការបើកដំណើរការជើងហោះហើរដែលមានតម្លៃទាបសមរម្យ។ លោកលើកឡើងថា កន្លងមកតម្លៃសំបុត្រយន្តហោះក្នុងស្រុកមានតម្លៃខ្ពស់ ស្មើនឹងតម្លៃសំបុត្រធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀត នៅក្នុងតំបន់អឺរ៉ុប។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ត្រូវបានបណ្តាក់ទុនរួមគ្នាដោយ ក្រុមហ៊ុន AirAsia របស់ម៉ាឡេស៊ី និងក្រុមហ៊ុនកម្ពុជា Sivilai Asia។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ AirAsia មានមូលដ្ឋាននៅ ប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជា និង មានយន្តហោះចំនួន ២២០ គ្រឿង ដែលកំពុងដំណើរការជើងហោះហើរទៅកាន់ ១៣០ គោលដៅ។ ទន្ទឹមនេះ ក្រុមហ៊ុននេះគ្រោងហោះត្រង់ពីកម្ពុជា ទៅប្រទេស កូរ៉េ និងឥណ្ឌា ផងដែរ៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner