អាកាសធាតុកាន់តែក្តៅ ក្រសួងអប់រំពិនិត្យលទ្ធភាពផ្អាកការសិក្សានៅសាលា

ភ្នំពេញ:មកដល់ថ្ងៃនេះ អាកាសធាតុកាន់តែក្តៅខ្លាំង លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ទូរទស្សន៍អប្សរានៅរសៀលថ្ងៃពុធនេះថា ក្រសួងអប់រំនឹងពិនិត្យលទ្ធភាពផ្អាកការសិក្សា នៅសាលារៀន។ លោកជំទាវ បញ្ជាក់ទៀតថា ក្រសួងបានបើកលទ្ធភាពឱ្យគណៈគ្រប់គ្រងសាលានីមួយៗនៅទូទាំងប្រទេសអាចសម្រេចតាមស្ថានភាពជាក់ស្តែងនៅពេលកម្តៅឡើងក្តៅខ្លាំង។
ការលើកឡើងរបស់ លោកជំទាវ ឃួន វិច្ឆិកា នេះគឺស្របពេលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃពុធដដែលនេះបានណែនាំឲ្យក្រសួងអប់រំគួរពិចារណាផ្អាកការសិក្សានៅតាមសាលារៀន ប្រសិនបើកម្តៅឡើងលើសពី ៤០អង្សាសេ។
នៅថ្ងៃនេះ តំបន់ខ្លះនៃប្រទេសកម្ពុជា កម្តៅបានហក់ឡើងដល់ ៤៦អង្សាសេ។ នេះបើយោងតាម លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
រយៈពេលប៉ុន្មានថ្ងៃនេះ សាលារៀនមួយចំនួននៅទីប្រជុំជនដែលមានឡានទឹក បានបាញ់ស្រោចលើដំបូលសាលារៀន និងទីធ្លាក្នុងសាលា។ ចំណែក សាលានៅតាមជនបទមួយចំនួន លោកគ្រូអ្នកគ្រូ យួរទឹកធុងជះលើបេតុងក្នុងថ្នាក់រៀនដើម្បីបន្ថយកម្តៅ។ កូនសិស្សនៅតាមខេត្ត និងតំបន់ដាច់ស្រយាល រៀនទាំងបែកញើសសស្រាក់ ហើយនិយាយថា ពួកគេរៀនមិនសូវចូលទេដោយសារក្តៅពេក។ ចំណែក កូនសិស្សតូចៗខ្លះបានជួតក្បាលនឹងក្រមាសើម។ ក្រសួងសុខាភិបាលថ្មីៗនេះ បានព្រមានថាអាកាសធាតុក្តៅបែបនេះ អាចបណ្តាលឲ្យគាំងបេះដូង រលាកផ្លូវដង្ហើម ហើយការខ្វះជាតិទឹកក៏បណ្តាលឱ្យកើតជំងឺអសន្នរោគ រាគរួស គ្រុនពោះវៀនផងដែរ។
លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប បានប្រាប់ទូរទស្សន៍អប្សរាថា ការបាញ់ដំបូលអគារ ទីធ្លា អាចកាត់បន្ថយកំដៅបានខ្លះ ហើយសាលារបស់លោកផ្លាស់ប្តូរម៉ោងសិក្សា ឆាប់ចូល និងឆាប់ចេញមុន១ម៉ោង តាមអនុសាសន៍របស់ក្រសួងអប់រំ។ ចំណែក ការផ្អាកសាលា លោកមិនទាន់សម្រេចនៅឡើយ។
យោងតាមគេហទំព័រព័ត៌មាន មុងហ្កាបេ ការឡើងកម្តៅចាប់តាំងពីចុងឆ្នាំ២០២៣មក គឺជាកម្តៅខ្ពស់មិនធ្លាប់មានក្នុងពេលជាង១៧០ឆ្នាំ។ កម្តៅនេះកំពុងវាយប្រហារទ្វីបអាស៊ីដែលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ និងរុក្ខជាតិ។ ប្រទេសហ្វីលីពីន បិទសាលា ប្រទេសថៃមានមនុស្សស្លាប់ជាង៣០នាក់ ដោយឡែកនៅកម្ពុជា ងាប់ត្រីមេពូជ និងទិន្នផលនេសាទបានធ្លាក់ចុះ ដៃទន្លេ ស្ទឹង បឹងបួរ រីងខះ ហើយសូម្បីតែទឹកក្រោមដី ដ៏ធ្លាក់ដល់កម្រិតហានិភ័យផងដែរ។ ចំណែកដំណាំនានាវិញ ពុំទាន់មានរបាយការណ៍បូកសរុបការខូចខាតនៅឡើយ៕


ដោយៈសែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner