ឆេះចម្ការកៅស៊ូ សេដ្ឋី ម៉ុង ឬទ្ធី ខាតបីលានដុល្លារ កម្មករ២០០០នាក់បាត់ការងារ

ភ្នំពេញៈ​ ចម្ការកៅស៊ូដែលកំពុងប្រមូលផលជាង ២០ហិកតា នៅខេត្តកោះកុង ដែលត្រូវភ្លើងឆេះ បានបណ្តាលឲ្យសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ខាតប្រាក់បីលានដុល្លារ។ លើសពីនេះ ហេតុការណ៍នេះនាំឲ្យប៉ះពាល់ការងាររបស់កម្មករប្រមាណ២០០០ពាន់នាក់។

លោកសេដ្ឋីរូបនេះបានប្រាប់ទូរទស្សន៍អប្សរាថា មូលហេតុដែលបណ្តាលឱ្យកើតមានភ្លើងឆេះចម្ការកៅស៊ូនេះ ផ្តើមចេញពីប្រជាពលរដ្ឋកាប់រានដុតព្រៃដោយមិនមានការប្រុងប្រយ័ត្ន នាំឱ្យឆេះរាលដាលដល់ចម្ការកៅស៊ូលោក។ លោកថានេះជាលើកទី១ហើយដែលឆេះក្នុងទំហំធំ និងខាតប្រាក់ច្រើន។ ប៉ុន្តែ លោកគ្មានបំណងប្តឹងផ្តល់អ្នកដុតព្រៃនោះទេ។

លោកឡើងដូច្នេះថា« ចង់ផ្តាំផ្ញើដល់ប្រជាជនកុំចេះតែដុតព្រៃអ៊ីចឹងទៀត ព្រោះកំដៅកំពុងតែក្តៅខ្លាំង ៤០,៤១,៤២ អង្សារ ហើយគាត់ដុតព្រៃចឹងវារាលដាល ហើយយើងទៅចាប់ទោសអូសដំណើរយ៉ាងម៉េចកើត អាចមានរឿងទៀតជាមួយប្រជាជន»។

ចំពោះបុគ្គលិក និងកម្មករដែលបាត់ការងារ លោកនឹងព្យាយាមប្តូរពួកគេទៅធ្វើការនៅកន្លែងផ្សេងវិញ ដើម្បីឲ្យពួកគេបន្តមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវិត។

គួរសម្គាល់ថា បណ្តាប្រទេសនៅទ្វីបអាស៊ីកំពុងប្រឈមនឹងរលកកម្តៅ ខណៈសីតុណ្ណភាពនៅកម្ពុជា មានរហូតដល់ ៤៦អង្សានៅតំបន់ខ្លះនៅថ្ងៃពុធនេះ។ កម្តៅដ៏ក្តៅបែបនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រជាជន ហើយវាអាចបង្កហានិភ័យដល់សុខភាពថែមទៀត ជាពិសេសក្រុមមនុស្សងាយរងគ្រោះមនុស្សចាស់ កុមារ និងហានិភ័យនៃការឆេះព្រៃជាដើម។ អាជ្ញាធរ ក៏បានព្រមានពីគ្រោះរាំងស្ងួតផងដែរ៕


 ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner