ត្រៀមធ្វើទំនើបកម្មផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត និងសាងសង់ស្ពានរំលងផ្លូវសម្រាប់រថភ្លើង

ភ្នំពេញ៖ រាជរដ្ឋាភិបាលនៅថ្ងៃពុធនេះបានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការធ្វើទំនើបកម្ម ផ្លូវដែកប៉ែកខាងជើងពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ដើម្បីឱ្យរថភ្លើងអាចរត់ល្បឿនយ៉ាងហោច ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នៅពេលនេះ ផ្លូវដែកប្រវែង៣៨៦គីឡូម៉ែត្រនេះ រទេះភ្លើងអាចរត់បានត្រឹម៥០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា ដែកកំណល់ផ្លូវរថភ្លើងមានហើយ នៅចាំតែផ្លាស់ប្តូរជាមួយដែកបច្ចុប្បន្នប៉ុណ្ណោះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ឆ្លើយសំណួររបស់ទូរទស្សន៍អប្សរានៅឡើយនៅថ្ងៃពុធនេះ អំពីពេលវេលានៃការចាប់ផ្តើមកែលម្អផ្លូវដែកភាគខាងជើងនេះ និងថាតើវាអាចបញ្ចប់នៅពេលណា ខណៈដែលក្រុមហ៊ុន Royal Railway Cambodia គ្រោងនឹងបើកដំណើរការរថភ្លើងមួយទឹកពីជប៉ុននៅខែមិថុនាខាងមុខ ដែលរថភ្លើងនេះមានសមត្ថភាពរត់បានដល់ទៅ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលហួសពីសមត្ថភាពផ្លូវដែក។

ទន្ទឹមនឹងការធ្វើទំនើបកម្មផ្លូវរថភ្លើងនេះ បញ្ហាសុវត្ថិភាពគឺជាក្តីកង្វល់ដ៏ធំរបស់ប្រជាជន ដោយសារតែ កន្លងមកមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ជាពិសេសករណីរថភ្លើងបុកឡាន។ ទាក់ទងនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី បង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងផ្លូវសម្រាប់រថភ្លើងឆ្លងកាត់ ជំនួសឲ្យការប្រើរបាំងនៅកន្លែងផ្លូវបំបែក ដូចបច្ចុប្បន្ន។ ប៉ុន្តែ សម្តេចមិនបានលម្អិតទេថាគម្រោងនេះអាចចេញជារូបរាងនៅពេលណាទេ។

ទោះយ៉ាងណា លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងថា នេះជាសញ្ញាល្អនៃវិស័យដឹកជញ្ជូន ព្រោះជួយកាត់បន្ថយថ្លៃដើម បន្ថយការខូចខាតផ្លូវថ្នល់ និងជំរុញកំណើនការដឹកជញ្ជូនផងដែរ។ បច្ចុប្បន្នេះ ទំនិញតែ ៦%ភាគរយប៉ុណ្ណោះនៃទំនិញនាំចេញនិងនាំចូលសរុបត្រូវបានដឹកជញ្ជូនតាមផ្លូវដែក មានន័យថា កម្ពុជាមិនទាន់អាចទាញសក្តានុពលពីផ្លូវដែកដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ចបានល្អនៅឡើយ។

កម្ពុជាមានផ្លូវដែកចំនួនពីរខ្សែ។ ក្រៅពីភាគខាងជើង មានផ្លូវដែកភាគខាងត្បូងពីរាជធានីភ្នំពេញទៅព្រះសីហនុ ដែលមានប្រវែង ២៦៤គីឡូម៉ែត្រ។ ផ្លូវទាំង២ខ្សែដែលធ្លាប់ជាសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបំផ្លិចបំផ្លាញដោយសង្គ្រាមផ្ទៃក្នុង និងការទុកចោលមិនប្រើប្រាស់រយៈពេលយូរ។ ចាប់តាំងពីឆ្នាំ ២០១០មក ផ្លូវដែកនេះត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodia Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង។

រាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍផ្លូវដែកក្នុងប្រទេសកម្ពុជា ចំនួន ៨ គម្រោងដែលត្រូវការប្រាក់ ១០ពាន់លានដុលា្លរអាមេរិក។ គម្រោងទាំង៨រួមមាន លើកកម្រិតផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត កែប្រែផ្លូវដែកភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត ទៅជាផ្លូវដែកល្បឿនលឿន, សាងសង់ផ្លូវដែកភ្នំពេញ-បាវិត ព្រំដែនវៀតណាម, ភ្នំពេញ-កំពង់ធំ-សៀមរាប-ប៉ោយប៉ែត, ភ្នំពេញ ទៅព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល, ផ្លូវដែកភ្ជាប់ពីព្រលានយន្តហោះថ្មីសៀមរាប និងប្រព័ន្ធផ្លូវដែកក្នុងរាជធានីភ្នំពេញ សម្រាប់ដឹកអ្នកដំណើរ៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner