ក្រុមហ៊ុនអាកាសចរណ៍ Emirates ដំណើការជើងហោះហើរមកទីក្រុងភ្នំពេញឡើងវិញ

ភ្នំពេញ៖ ជើងហោះហើរដំបូងលេខ EK348 ប្រភេទយន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បាននាំអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១៨០នាក់ ពីទីក្រុងឌូបៃ មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះ បានសម្រេចចិត្តតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញនៅថ្ងៃនេះ គឺបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តបង្កើនឱ្យមានភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់កាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និង ភ្ញៀវទេសចរ ទាំងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តមបន្តថា ស្របពេលយើងទាំងអស់គ្នាកំពុងធ្វើដំណើរឈានទៅមុខ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ឯកឧត្តមសូមអំពាវនាវឱ្យមានការរួបរួមគ្នាបំពេញការងារ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផាសុកភាពនៃអ្នកធ្វើដំណើតាមផ្លូវអាកាស ចេញ និងចូលកម្ពុជា ព្រមទាំងទទួលបទពិសោធន៍ថ្មីៗ នៃសេវាកម្មលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុនអាកាសចរណ៏ Emirates នាថ្ងៃនេះផងដែរ។

ឯកឧត្តមសង្ឃឹមថា នឹងមានការតភា្ជប់ជើងហោះហើរត្រង់ ហើយចំនួនជើងហោះហើរនឹងកាន់តែមានច្រើនបន្ថែមទៀតមកកាន់កម្ពុជាពីគ្រប់តំបន់ ដែលនឹងនាំមកនូវការរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាពពេញលេញនាពេលនេះ និងទៅថ្ងៃអនាគត។ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Emirates បានបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា ធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទាក់ទាញ សម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។ យើងពិតជារំភើបរីករាយណាស់ សម្រាប់ផ្លូវហោះហើរដ៏ល្អនេះ ដើម្បីផ្សារភ្ជាប់ម្ដងទៀតនូវបណ្តាញហោះហើរនៅតំបន់ចុងបូព៌ាដ៏ធំទូលាយរបស់យើងដែលមានស្រាប់។ លោកបន្តថា តាមរយៈសេវាកម្មភ្ជាប់រវាងសិង្ហបុរី និងភ្នំពេញ នឹងអាចគាំទ្រសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញដ៏ងាយស្រួលរវាងសិង្ហបុរី កម្ពុជា និងសហព័ន្ធអារ៉ាប់រួម ក៏ដូចជាទីផ្សារផ្សេងទៀតនៅក្នុងបណ្ដាញសកលរបស់យើង។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Emirates SkyCargo បានដឹកជញ្ជូនទំនិញចំនួន ២.៤២០តោនទៅកាន់ និងពីទីក្រុងភ្នំពេញ តាមរយៈផ្លូវគោក និងភាពជាដៃគូអន្តរបណ្តាញដោយផ្តល់នូវការតភ្ជាប់ តាមរយៈប្រទេសថៃ និងម៉ាឡេស៊ីទៅកាន់បណ្តាញសកលដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍។ ជាមួយនឹងការបើកដំណើរការជើងហោះហើរប្រចាំថ្ងៃនេះឡើងវិញ ក្រុមហ៊ុន Emirates SkyCargo នឹងសម្រួលប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោកកាន់តែទូលំទូលាយជាមួយនឹងសមត្ថភាពដែលអាចផ្ទុកបាន ៣០០តោនក្នុងមួយសប្តាហ៍ទៅកាន់ទីផ្សារសំខាន់ៗ ដូចជាអារ៉ាប់រួម សហរដ្ឋអាមេរិក កាណាដា ហូឡង់ និងអង់គ្លេស។ ជាមួយនឹងការត្រៀមខ្លួនសម្រាប់កំណើនទីផ្សារគួរឱ្យកត់សម្គាល់ ក្រុមហ៊ុន Emirates SkyCargo ក៏នឹងគាំទ្រដល់អាជីវកម្មកម្ពុជា តាមរយៈការនាំចេញទំនិញរបស់ពួកគេទៅទូទាំងពិភពលោក តាមរយៈមជ្ឈមណ្ឌលទំនើបបំផុតរបស់ខ្លួននៅទីក្រុងឌូបៃ។ ទំនិញដែលរំពឹងទុកសំខាន់ៗ រួមមានសម្លៀកបំពាក់ សម្លៀកបំពាក់ដែលផលិតរួចរាល់ ផ្លែឈើស្រស់ សាច់ និងសម្ភារៈ ផ្សេងទៀតដែលនឹងត្រូវដឹកជញ្ជូនយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងអាចទុកចិត្តបាន តាមរយៈផលិតផលឯកទេសពហុបញ្ឈររបស់ក្រុមហ៊ុនអាកាសចរណ៍៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner