ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ខណៈបរិយាកាសក្ដៅខ្លាំង

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យលើកទី១ (ដើម្បីសម្រាំងបេក្ខជន) រយៈពេល៤ថ្ងៃ ដែលមានបេក្ខជនចូលរួមចំនួន ៣៣៣១៤នាក់ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន ៣មណ្ឌល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមការងាររៀបចំការប្រឡងទាំងអស់នៅតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងធានាឱ្យខាងតែបានថា ការប្រឡងប្រជែង ប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។”

នេះបើតាមការបង្ហោះលើគេហទំព័រផ្ទាល់ខ្លួនរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី។
គេហទំព័រដដែលនោះបានបញ្ជាក់ទៀតថា ដោយសារបេក្ខជនមានចំនួនច្រើន អាកាសធាតុក្តៅ ទីធ្លាសម្រាប់ចំណតយានយន្តមានកំណត់ បន្ទប់ប្រឡង និងមណ្ឌលប្រឡងមានទីតាំងផ្សេងៗគ្នា ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ កត់សម្គាល់ព័ត៌មាន និងថែរក្សាសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ដើម្បីបង្ការរាល់់ការរំខាននានា ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡងប្រជែង។

ផ្សារភ្ជាប់ជាមួយគ្នានេះ ឯកឧត្តមបានជូនពរដល់បេក្ខជនទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រឡង ក៏ដូចជាយកឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនស្មើៗគ្នានេះ បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាម្នាក់ប្រកបដោយគុណភាព។

គួរបញ្ចាក់ផងដែរថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងប្រជែងថ្ងៃទី១ បន្ទាប់ពីការតាក់តែងវិញ្ញាសារកាលពីព្រឹកមិញនេះ គណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។

ក្នុងថ្ងៃដំបូងនៃការបើកដំណើរការប្រឡងនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ដែលមកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

សូមជម្រាបថា ការប្រឡងប្រជែងនារសៀលពេលនេះ នឹងមានការបែងចែកចេញជា ២វេនផ្សេងគ្នា ដោយក្នុងមួយវេនៗ មានបេក្ខជនចូលរួមប្រឡងផ្សេងគ្នា ឯកទេសផ្សេងគ្នា និងវិញ្ញាសាផ្សេងគ្នាពីវេនទី១។
គួបញ្ជាក់ផងដែរថា តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នារសៀលនេះ មានបេក្ខជនចូលរួមចំនួន ៦,៥៨៥ នាក់ ដែលបានចែកចេញជា ២វេន រួមមាន៖
វេនទី១៖ មានបេក្ខជនចំនួន ២៧៨២នាក់ ដែលជ្រើសរើសមុខវិជ្ជាឯកទេស ដូចជា៖

  • រូបវិទ្យា-គីមីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ២២២៦នាក់
  • រូបវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១) ចំនួន ២០៨នាក់
  • អគ្គិសនី-អេឡិចត្រូនិច (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៣៤៨នាក់។
    វេនទី២៖ មានបេក្ខជនចំនួន ៣៨០៣នាក់ ដែលជ្រើសរើសមុខវិជ្ជាឯកទេស ដូចជា៖
  • បារាំង-គណិតវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៤៨នាក់
  • បារាំង-ជីវវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៥៩នាក់
  • បារាំង-រូបវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ២៩នាក់
  • អង់គ្លេស-ICT (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៩៨៩នាក់
  • ICT-អង់គ្លេស (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ២០៩៥នាក់
  • ក្សេត្រសាស្ត្រ-បសុវប្បកម្ម (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៥៨៣នាក់ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner