សិស្សដែលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ចុះធ្វើកម្មសិក្សា​ជាក់ស្តែង

បាត់ដំបង៖ ក្នុងគោលបំណងបន្ថែមបំណិនរវាងទឹស្រ្តី និងការ​អនុវត្ត ដល់សិស្សជាយុវជនមកពីគ្រួសារក្រីក្របានចូលសិក្សា​ជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង និងក្រោយពីទទួលបាននូវការបណ្តុះបណ្តាលក្នុងថ្នាក់​មួយ​រយៈ​រួចមក​ត្រូវបាន​វិទ្យាស្ថានបញ្ជូនទៅធ្វើកម្មសិក្សា នៅតាម​បណ្តាគ្រឹះស្ថាន សហគ្រាសនានាក្នុងខេត្ត ដើម្បីដកស្រង់នូវ​ចំណេះ​ដឹង និង​បទពិសោធន៍​លើការអនុវត្តការងារជាក់ស្ដែង។

ក្នុងចំណោមមុខជំនាញ បច្ចេកទេស និងវិជ្ជាជីវៈដែល​វិទ្យាស្ថាន​បានបណ្តុះបណ្តាលដល់យុវជនទាំងនោះមាន​សិក្សាពីជំនាញ​រចនា​ក្រាហ្វិកដោយកុំព្យូទ័រផងដែរ។ ខណៈនេះ​សិស្សមួយក្រុម កំពុងធ្វើកម្មសិក្សា ក្នុងសហគ្រាស​ច័ន្ទតារា​ព្រីន​រូបខ្នាតធំ មានទីតាំង​ស្ថិត​ក្នុងក្រុងបាត់ដំបង ។

ជាមួយនឹងការចុះផ្ទាល់បែបនេះ យុវជនទាំងនោះបានបង្ហាញ​អារម្មណ៍រីករាយចំពោះការរៀបចំរបស់សាលា។ ពួកគេអះអាង​ថា ទទួលបាននូវចំណេះជំនាញយ៉ាងពិតប្រាកដ ទាំងការ​សិក្សា​ទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ពិសេសគឺនៅក្នុងអំឡុង​ពេលចុះធ្វើកម្មសិក្សា។

ដោយមិនព្រងើយកន្តើយ លោក ផាន់ ចាន់រ៉ា ដែលជាម្ចាស់​សហគ្រា”ច័ន្ទ តារា ព្រីនរូបខ្នាតធំ”បានបង្ហាញពីការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុងការផ្ដល់​នូវ​ឱកាសយ៉ាងទូលំទូលាយ ដើម្បីឱ្យ​សិស្ស បានចុះកម្មសិក្សាពេញលេញនៅ​ក្នុងសហគ្រាសរបស់​លោក​​ជាមួយ​នឹងការបង្ហាត់បង្ហាញលើការងារអនុវត្តជាក់ស្ដែង ជាច្រើនមុខជំនាញទៀតផង។

ប្រាប់ទូរទសស្សន៍អប្សរា ក្រុមយុវជនចុះកម្មសិក្សា បានថ្លែង​អំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​​កម្ពុជា ក្រសួងការងារនិបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំង​វិទ្យាស្ថានដែលប្អូនៗបានសិក្សាផង ដែលបើកឱកាសឱ្យ​យុវជន​មកពីគ្រួសារក្រីក្រ បានចូលរៀនជំនាញបច្ចេក​ទេសវិជ្ជាជីវៈ ដើម្បីជំនាញមួយច្បាស់លាស់សម្រាប់ជីវិត។ ជាពិសេសរៀនដោយមិនបង់ថ្លៃហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនៅក្នុងអំឡុងពេលសិក្សាទៀតផង។

សូមជម្រា​បថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវការបណ្ដុះ​បណ្ដាល​ជំនាញ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅដែលជាយុវជន​មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ។គោលបំណងផ្តោតជា​ចម្បង គឺផ្ដល់​នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជន​ទាំងនោះ ដើម្បី​ទទួលបាននូវស្វែងរក​ឱកាសការងារឬបង្កើតមុខរបរដោយ​ខ្លួនឯង និងប្រកបដោយភាពម្ចាស់ការ មានគុណភាព និង​ផលិតភាពខ្ពស់សម្រាប់ផ្គត់​ផ្គង់​ជីវភាពក្រុមគ្រួសារ ព្រមទាំង​ឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកប ដោយចីរភាព ភាពធន់ និងបរិយាបន្ន៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner