អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មានដែលបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងនៅក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារពីក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល

“កត្តាប្រឈមសម្រាប់អ្នកសារព័ត៌មានគឺមានខ្លះៗនៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដែលវាក៏ជាស្ថានភាពកើតឡើងចំពោះអ្នកសារព័ត៌មានដែលប្រកបអាជីពនេះនៅតាមបណ្តាប្រទេសនានាលើពិភពលោក។ ដោយឡែកនៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ ដោយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ មកដល់អាណត្តិទី៧នេះ ដែលនេះជាការងារអាទិភាពមួយស្ថិតនៅក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា”។

នេះជាប្រសាសន័លើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ភពផែនដី ក្នុងបរិបទ នៃវិបត្តិបរិស្ថានសកល” នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ និងអង្គការ UNESCO ព្រមទាំងអង្គការដៃគូជាច្រើនរូបទៀត។

ឯកឧត្តមអ្នកនាំពាក្យ និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់បន្ថែមក្នុងកម្មវិធីនេះថា “អ្នកសារព័ត៌មានត្រូវបានលើកកម្ពស់សិទ្ធិដោយរាជរដ្ឋាភិបាល ពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ហើយក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីដែលពួកគេជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន ពោលគឺសម្រាប់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយដែលបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ”។

បន្ថែមពីលើនេះ ក្រសួងព័ត៌មាន ក៏បានទទួលពិនិត្យ ស្រាវជ្រាវអំពីអង្គហេតុ និងអង្គច្បាប់ ដោយអនុវត្តយន្តការសម្របសម្រួល ផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងការដោះស្រាយវិវាទ នៅពេលអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ មានបញ្ហាប្រឈមណាមួយនៅពេលអនុវត្តការងាររបស់ខ្លួន។ នៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ហើយជួបបញ្ហាប្រឈមដូច្នេះ ត្រូវបានទទួលបានការការពារ ដែលនេះជាអាទិភាពមួយស្ថិតនៅក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា។

ជាលទ្ធផលជាក់ស្តែង នៅក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងព័ត៌មាន បានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បាននិងកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រតិបត្តិការងារតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា ការជួបជុំនាពេលនេះបានផ្តល់នូវឱកាសមួយដល់ភាគីពាក់ព័ន្ធទាំងអស់ មានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងព័ត៌មាន និងវិស័យឯកជនដែលកំពុងអនុវត្តការងារ ក្នុងក្របខណ្ឌសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមសហការគ្នាដើម្បីឱ្យប្រធានបទ “សារព័ត៌មានសម្រាប់ភពផែនដី ក្នុងបរិបទ នៃវិបត្តិបរិស្ថានសកល” ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មាន ក្នុងការរួមចំណែកឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ដូចជា ការប្រែប្រួលអាកាសធាតុ និន្នាការធ្លាក់ចុះនៃធនធានជីវៈចម្រុះ បញ្ហាអនាម័យបរិស្ថាន សំណល់ប្លាស្ទិក ។ល។ ដែលទាំងនេះគឺជាបញ្ហារួមមួយរបស់កម្ពុជា និងសកលលោក ដែលតម្រូវឱ្យមានការចូលរួមទាំងអស់គ្នា ហើយចាំបាច់ណាស់ដែលអ្នកសារព័ត៌មាន គឺជាអ្នកនាំព័ត៌មានពិត ដែលអាចទុកចិត្តបាន ដើម្បីធានាការចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ដើម្បីឈានទៅរកដំណោះស្រាយចំពោះវិបត្តិបរិស្ថានមួយចំនួននាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានរំលឹកទៅដល់អ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅក្នុងប្រទេសទាំងអស់ សូមចងចាំនូវតួនាទីរបស់ខ្លួនដែលជាអ្នកផ្តល់ព័ត៌មានពិត រាយការណ៍ព័ត៌មានពិត យល់ច្បាស់ពីក្របខណ្ឌច្បាប់ និងមិនត្រូវដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពណាមួយនោះទេ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន នឹងបន្តលើកទឹកចិត្តដល់ការផ្តល់ព័ត៌មានពិត ព័ត៌មានត្រឹមត្រូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដោយគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានផ្តល់ព័ត៌មានអំពីការរៀបចំការសិក្សា និងចងក្រងរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងបានផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ឱ្យបានដឹងអំពីវិធីសាស្ត្របែបវិទ្យាសាស្ត្រដែលបានប្រើ និងលទ្ធផលដែលការសិក្សារបស់ក្រសួងព័ត៌មានបានចងក្រងទុកក្នុងគោលបំណងបង្ហាញពីលំហសិទ្ធិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទីរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន។ ឯកឧត្តម ក៏បានជម្រាបជូនអង្គពិធីពីការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការកំណត់នូវចក្ខុវិស័យដើម្បីប្រែក្លាយខ្លួនជា “ស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព” ក្រោមទស្សនៈថ្មី គឺ “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”។

ដោយឡែក ឯកឧត្តមអ្នកនាំពាក្យ ក៏បានជម្រាបជូនអង្គពិធី ស្តីអំពីរបាយការណ៍ ស្តីពី «ស្ថានភាពសេរីភាពសារ​​ព័ត៌​មាន​នៅកម្ពុជា» ដែលលទ្ធផលនៃសិក្សាបានង្ហាញថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ អ្នកសារព័ត៌មានចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថា ភាពសម្បូណ៌បែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

ទន្ទឹមនេះដែរ ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិសរុប មនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ទាំងនេះសុទ្ធសឹងជាការរកឃើញស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ស្តែងចេញពីការសិក្សារបស់ក្រសួងព័ត៌មាន ដែលបានអនុវត្តចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃផ្សព្វផ្សាយរបាយការណ៍ជាផ្លូវការកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

កាលពីពេលថ្មីៗនេះ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារ​​ព័ត៌​មាន​នៅកម្ពុជា» ដោយគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានត្រៀម​ខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់​គុណ​ភាពវិជ្ជាជីវៈសារព័ត៌មាន និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបន្តពង្រឹងការប្រតិបត្តិ​ក្រម​សីលធម៌វិជ្ជាជីវៈ ការគ្រប់គ្រងសន្តិសុខព័ត៌មានបន្តផ្តល់កិច្ចគាំពារសង្គម និងការការពារផ្នែកច្បាប់​ដល់​​អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌ ការពង្រឹងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាល​ជំនាញ​និពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ក៏ដូចជាបំពាក់បំប៉នជូន​ដល់អ្នក​សារព័ត៌មាននូវចំណេះដឹងស្តីពីក្រមសីលធម៌ផងដែរ៕
អត្ថបទ/រូបភាព៖ AKP

ads banner