ក្រុមហ៊ុនតូយ៉ូតាបើកជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ ជាមួយនឹងទុនវិនិយោគជិត៣៧លានដុល្លារអាមេរិកលើផ្ទៃទំហំជាងបួនហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ,ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង(Toyota Tsusho Manufacturing) (Cambodia) Co., Ltd បានសម្ពោធបើកជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចលកម្ពុជា ឯកឧត្តម អាតស៊ូស៊ី យូអេណូ( Atsushi Ueno) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីក្រុមហ៊ុនជាច្រើនរូប ។

ព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី២ ខែឧសភានេះ របស់ក្រុមហ៊ុនតូយ៉ូតា ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា និងជាការបោះទុនដ៏ធំរបស់ក្រុមហ៊ុន  បន្ទាប់ពីអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានកត់សម្គាល់ដោយមោទនភាពចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា ។សម្ដេចបានថ្លែងទៅកាន់អ្នកចូលរួមនិងជាសាធារណៈថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ។

ទាក់ទងនឹងវត្តមានរបស់ក្រុមហ៊ុន Toyota Tsushoនៅកម្ពុជា សម្ដេចធិបតីបានបញ្ជាក់ថា យើងបានផ្តល់ជំនឿចិត្តដល់ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាដែលមានស្រាប់ ។ជាក់ស្តែងដូចជា ក្រុមហ៊ុនតូយ៉ូតា ដែលបានមកវិនិយោគនៅកម្ពុជាប្រមាណ៣០ឆ្នាំមកហើយ រហូតដល់ក្រុមហ៊ុននេះបានពង្រីកការវិនិយោគបង្កើតជារោងចក្រដំឡើងរថយន្តនៅកម្ពុជាផ្ទាល់តែម្តង ។ដូច្នេះការផ្តល់ជំនឿចិត្តដល់វិស័យឯកជនជារឿងសំខាន់។សម្ដេចបានពន្យល់ថា ការក្រុមហ៊ុនដំឡើងរថយន្តនៅកម្ពុជាផ្ទាល់ដូច្នេះ ,កម្ពុជាបាត់ចំណូលនាំចូល តែកម្ពុជាចំណេញដោយបានបង្កើតការងារ និងជំនាញជូនពលរដ្ឋខ្មែរ ។យើងសុខចិត្តថយចំណូលនាំចូលរថយន្ត តែយើងចំណេញការផ្តល់ឱកាសដល់ពលរដ្ឋខ្មែរទទួលបានការងារ,ទទួលបានចំណូល,ទទួលបានជំនាញ ។​យើងចេញពីហោប៉ៅស្តាំ តែចូលវិញហោប៉ៅឆ្វេង ។សម្តេចបញ្ជាក់ថា ទោះបីហោប៉ៅឆ្វេង ឬហៅប៉ៅស្តាំ តែចំណូលទាំងនោះ គឺដើម្បីយកមកជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសដើម្បីប្រជាជនដដែលទេ ។

សម្តេចធិបតីបានបន្ថែមថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង ខេមបូឌា  នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់មួយទៀត ក្នុងវិស័យឯកជនក្នុងការអភិវឌ្ឍឧស្សាហកម្មក៏ដូចជាសេដ្ឋកិច្ចជាតិ ។តាមរយៈក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតានាពេលនេះ នឹងចូលរួមបង្កើតភាពប្រកួតប្រជែង ការលើកកម្ពស់ ការធ្វើពិពិធកម្ម ការធ្វើទំនើបកម្មឧស្សាហកម្ម ក៏ដូចជាការផ្តល់ឱកាស និងជម្រើសការងារប្រកបដោយជំនាញកាន់តែច្រើនដល់ប្រជាពលរដ្ឋខ្មែរ។

ក្នុងឱកាសដដែលនេះ សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនទន្ទឹមនឹងនេះ សម្ដេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជន ដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងយុវជនជាច្រើនទៀត អាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលជំនាញលើការអនុវត្ដជាក់ស្ដែង និងមានសម្ភារៈទំនើប។ សម្ដេចបន្តថា ការបណ្ដុះបណ្ដាលបច្ចេកវិទ្យាគ្រឿងយន្ដ មានសារៈសំខាន់នៅចំពោះមុខដើម្បីប្រែក្លាយផលិតភាព និងសក្ដានុពលរបស់ប្រជាពលរដ្ឋទាំងឱកាសការងារ និងអភិវឌ្ឍន៍វិស័យកម្មន្តសាល ដែលអាចមានសមត្ថភាព ក្នុងការផលិត ផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចដើម្បីនាំចេញ។

ទាក់ទងនឹងនឹងការបើកដំណើរការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា   លោក អ៊ីជីរ៉ូ កាស៊ីតានី(Ichiro Kashitani) នាយកប្រតិបត្តិនៃក្រុមហ៊ុនតូយ៉ូតាស៊ុយស៊ូប្រាប់ក្នុងសន្និសីទសារព័ត៌មានថាការចាប់ផ្តើមសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត គឺជាការចាប់ផ្តើមនូវសមិទ្ធផលថ្មីក្នុងប្រវត្តិសាស្ត្រអស់រយៈពេល៣០ឆ្នាំមកហើយរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងព្រះរាជាណាចក្រកម្ពុជា។Toyota Tsusho នឹងបន្តជំរុញធុរកិច្ចរបស់កម្ពុជាក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គល ទៅដល់ប្រជាជនកម្ពុជា ដោយសម្រេចឱ្យបាននូវ អព្យាក្រឹត្យកាបូន និងលើកស្ទួយធនធានមនុស្ស។

លោកបានបន្ថែមដោយសុទិដ្ឋិនិយមថាទីផ្សារយានយន្តនៅកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តរីកចម្រើនឥតឈប់ឈរស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស ។តាមរយៈការបង្កើតរោងចក្រផ្គុំនិងដំឡើងយានយន្តយើងនឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមតាមរយៈការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅ ក្នុងខ្សែច្រវាក់ផលិតកម្មប្រកបដោយគុណតម្លៃ, ការបង្កើតការងារ, និងការអភិវឌ្ឍធនធានមនុស្ស។

សូមបញ្ជាក់ជូនថា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង(Toyota Tsusho Manufacturing) (Cambodia) Co., Ltd ឬហៅកាត់ថា (“TTMC”) គឺជាក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមការផលិតរថយន្តតូយ៉ូតា Hilux pickup និង Fortuner SUV ដោយប្រើវិធីសាស្ត្រនៃការផលិត SKD របស់ក្រុមហ៊ុន Toyota Motor Corporation។

SKD ជាពាក្យកាត់មកពីពាក្យពេញថា “Semi Knock Down”។ សំដៅទៅលើវិធីសាស្ត្រនៃការផ្គុំ និងដំឡើងតួរថយន្ត ដែលបាននាំចូលនៅក្នុងលក្ខខណ្ឌដែលបានផ្សារបញ្ចូលគ្នានិងលាបពណ៌រួចជាស្រេច ហើយគ្រឿងបង្គុំសំខាន់ៗ ត្រូវបានផ្គុំ និងដំឡើង ទៅក្នុងតួ និងគ្រោងរថយន្ត។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរប្រភេទ។ទី១៖ប្រភេទFORTUNER ជាប្រភេទ SUV និងទី២៖ ប្រភេទ HILUX ជាប្រភេទ Pick-UP ដែលមានទុនវិនិយោគចំនួន ៣៦ ៧៨១ ០០០ដុល្លារ និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១ ០៣០គ្រឿង ។

គួរបញ្ជាក់ថាក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឆឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner