កម្ចីសម្រាប់អាជីវកម្មខ្នាតតូចនៅកម្ពុជាកើនដល់ ៣៤ពាន់លានដុល្លារ អ្នកសងយឺតកាន់តែច្រើន

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ចីលក្ខណៈបុគ្គលសម្រាប់អាជីវកម្មខ្នាតតូចបានកើនដល់ ៣៤ពាន់លានដុល្លារអាមេរិក ដោយមានអ្នកខ្ចីជិត ១,៩លាននាក់ឬគណនី ដែលចំនួនអ្នកខ្ចីបានថយចុះតិចតួចត្រឹមជាង១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
 
របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមកម្ចីសរុប ឥណទានអចលនទ្រព្យមានចំណែកធំជាងគេរហូតដល់ ៦៨ភាគរយ ឥណទានកសិកម្ម ១១ភាគរយ កម្ចីទ្រព្យសកម្ម ៧ភាគរយ ,សំណង់ ២ភាគរយ និងក្រៅពីនោះជាកម្ចីមូលធន រួមទាំងសម្រាប់ប្រតិបត្តិការ។ តម្រូវការឥណទានបានកើនឡើងនៅតំបន់ខ្ពង់រាប តំបន់ទំនាប តំបន់ឆ្នេរ និង តំបន់បឹងទន្លេសាប។
 
ទន្ទឹមនឹងការកើនឡើងនូវកម្ចីនេះ ចំនួនអ្នកសងយឺតយ៉ាវក៏កើនឡើងផងដែរ។ CBC បង្ហាញថា អត្រាអ្នកសងយឺតលើសពី៣០ថ្ងៃបានកើនឡើងពីជាង ៦ភាគរយក្នុងត្រីមាសទីបួន ឆ្នាំ២០២៣ ទៅជិត ៨ភាគរយ ក្នុងត្រីមាសទី១ឆ្នាំនេះ។ ឥណទានដែលមានអត្រាសងយឺតខ្ពស់បំផុតគឺឥណទានសំណង់ជាមួយនឹងអនុបាតជិត២០ភាគរយ ។
 
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី លើកឡើងថា តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែគុណភាពឥណទានមានការធ្លាក់ចុះ។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីមូលហេតុទេ។
 
ក្នុងស្ថានភាពសេដ្ឋកិច្ចតឹងតែង លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និយាយថា អាត្រាសងយឺតនេះអាចបណ្តាលមកពីការជំពាក់តគ្នាដែលធ្វើឲ្យការបង្វិលប្រាក់មិនទាន់។ ប៉ុន្តែ លោកថា អត្រា៧ភាគរយ មិនបង្កជាបញ្ហាទេ ប្រសិនបើអ្នកខ្ចីនៅមានស្មារតីសងត្រឡប់។ ចំណែក កំណើនតម្រូវការឥណទានវិញ លោកយល់ថា អាចជាសញ្ញាល្អសម្រាប់អាជីវកម្ម និងសេដ្ឋកិច្ច។
 
កាលពីថ្មីៗនេះកន្លងទៅនេះ របាយការណ៍ CBC បានបង្ហាញថា មកដល់ឆ្នាំ២០២៣ ប្រជាជនកម្ពុជា ជិតប្រាំលាននាក់នៅទូទាំងប្រទេសបានប្រើប្រាស់កម្ចីហិរញ្ញវត្ថុសរុប ជាង៥៧ពាន់លានដុល្លារ។ រាជធានីភ្នំពេញមានបរិមាណឥណទានច្រើនជាងគេ បន្ទាប់មក ខេត្តកណ្ដាល និងខេត្តសៀមរាប។ ខេត្តដែលជំពាក់គេតិចជាងគេ មានខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និង ខេត្តកែប៕
ដោយៈស៊ុ ម៉ាណេត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner