វៀតណាម ងាប់ត្រីជាង ២០០តោន នៅបឹង Song May

ដោយសារតែគ្រោះរាំងស្ងួត រយៈពេល១០ចុងក្រោយនេះ ត្រីជាង ២០០តោនបានងាប់ ក្នុងបឹង Song May នៃខេត្ត Dong Nai ភាគខាងត្បូង ប្រទេសវៀតណាម។

យោងតាមគណៈកម្មាធិការប្រជាជន ស្រុក Trang Bom នៃខេត្ត Dong Nai បានឲ្យដឹង កាលថ្ងៃពុធថា នេះជាលើកដំបូងហើយ ដែលមានឧបទ្ទវហេតុ ងាប់ត្រី រាប់ម៉ឺនក្បាល នៅក្នុងបឹង។

ប្រភពបន្តថា មូលហេតុអាចបណ្តាលមកពីកម្រិតទឹកធ្លាក់ចុះខ្លាំង ក្នុងពេលរាំងស្ងួត ហើយក៏កើតឡើង បន្ទាប់ពីទឹកក្នុងបឹងមួយនេះ ត្រូវបានបូមយកសង្គ្រោះ ស្រូវ និងបន្លែ នៅក្បែរនោះ ដែលកំពុងតែប៉ះពាល់ខ្លាំង ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។

បឹង Song May គ្របដណ្តប់លើផ្ទៃដី ៣០០ហិកតា ហើយវាគឺជាប្រភពផ្តល់ទឹក សម្រាប់ដំណាំផ្សេងៗ សម្រាប់ស្រុក Trang Bom និង Vinh Cuu នៃ ខេត្ត Dong Nai។

យោងតាមអ្នកព្យាករណ៍អាកាសធាតុបានឲ្យដឹងថា សីតុណ្ហភាពក្នុងខេត្ត Dong Nai ដែលមានចម្ងាយ ១០០គីឡូម៉ែត្រ ភាគខាងលិច ទីក្រុងហូជីមិញ មួយនេះ បានឡើងដល់ប្រហែល ៤០ អង្សាសេ នៅក្នុងខែមេសា ដែលជាការបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុត ពុំធ្លាប់មាន តាំងពីឆ្នាំ ១៩៩៨។

ដូចទៅហ្នឹងតំបន់អាស៊ីអាគ្នេយ៍ ជាច្រើនផ្សេងទៀតដែរ ថ្មីៗនេះ សាលារៀន នៅវៀតណាម ត្រូវបានបង្ខំឱ្យបិទ មុនកាលកំណត់ ហើយការប្រើប្រាស់អគ្គិសនី បានកើនឡើងឦ ភាគខាងត្បូង និងភាគកណ្តាល ប្រទេស រងគ្រោះពីរលកកំដៅ ធ្ងន់ធ្ងរខ្លាំង ជាងគេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner