ប្តឹងគំរូភាសា OpenAI, Microsoft ទៅតុលាការ លួចប្រើអត្ថបទព័ត៌មានរាប់លាន

ទីភ្នាក់ងារសារព័ត៌មាន ចំនួន៨ នៅសហរដ្ឋអាមេរិក បានរួមគ្នា ប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍន៍គំរូភាសាបញ្ញាសិប្បនិម្មិត ចំនួនពីរ រួមមាន OpenAI និង Microsoft ថា បានរំលោភសិទ្ធិអ្នកនិពន្ធ តាមរយៈការលួចប្រើប្រាស់អត្ថបទព័ត៌មាន រាប់លានអត្ថបទ ដោយគ្មានការអនុញ្ញាត។

យោងតាមពាក្យបណ្តឹង បញ្ជូនទៅកាន់តុលាការ ក្នុងទីក្រុង New York កាលពីពេលថ្មីៗនេះ បណ្តាកាសែត ដែលរួមមានទាំង The New York Daily News, Chicago Tribune, និង Denver Post ផងដែរនោះ បានអះអាងថា ពួកគេបានចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បីផលិតព័ត៌មាន និងផ្សព្វផ្សាយ ហើយ ពួកគេមិនអនុញ្ញាតឲ្យ OpenAI និង Microsoft លួចយកអត្ថបទទាំងនេះ ទៅពង្រីកបច្ចេកវិទ្យា ដើម្បីផលចំណេញអាជីវកម្មផ្ទាល់ខ្លួន ដោយគ្មានការប្រាប់ជាមុន នោះឡើយ។

ពួកគេថែមទាំងចោទថា គំរូភាសាប្រភេទនេះ ក៏កំពុងតែធ្វើឱ្យខូចខាត ដល់ទំនុកចិត្តសារព័ត៌មាន តាមរយៈការក្លែងបន្លំសេចក្តីរាយការណ៍មិនត្រឹមត្រូវ។

គិតត្រឹមថ្ងៃពុធ Microsoft ដែលជាអ្នកអភិវឌ្ឍន៍ គំរូភាសា Chatbot មិនទាន់ឆ្លើយតបនោះទេ។ ចំណែក OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT បានឆ្លើយថា គេយកចិត្តទុកដាក់យ៉ាងខ្លាំង នៅក្នុងដំណើរការ AI ដើម្បីគាំទ្រដល់ស្ថាប័នព័ត៌មាន។

គួរបញ្ជាក់ដែរថា កាសែត New York Times ធ្លាប់បានដាក់ពាក្យបណ្តឹង ស្រដៀងគ្នានេះ ប្រឆាំងនឹង OpenAI និង Microsoft កាលពីខែធ្នូ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner