អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកសារព័ត៌មានត្រូវមានធាតុសំខាន់បី ជាចាំបាច់មិនអាចខ្វះបាន និងធាតុសំខាន់ពីរ គឺសន្តិភាពនិយម និងជាតិនិយម

ភ្នំពេញ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បញ្ជាក់ថា អ្នកសារព័ត៌មានត្រូវមានធាតុសំខាន់បីជាចាំបាច់មិនអាចខ្វះបាន គឺទី១. សេរីភាព ទី២. ការទទួលខុសត្រូវ និងទី៣. ក្រមសីលធម៌វិជ្ជាជីវៈ និងធាតុសំខាន់ពីរទៀតដែលត្រូវតែមាននៅក្នុងខ្លួនរបស់អ្នកសារព័ត៌មានទោះតិចឬច្រើនក្តី ទី១.គឺសន្តិភាពនិយម និងទី២.គឺជាតិនិយម។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា កាលណាបើនិយាយពីអ្នកសារព័ត៌មានត្រូវមានធាតុសំខាន់បីជាចាំបាច់មិនអាចខ្វះបានទេ ទី១.គឺសេរីភាព ទី២. ការទទួលខុសត្រូវ និងទី៣. ក្រមសីលធម៌វិជ្ជាជីវៈ។ ជាអ្នកសារព័ត៌មានអ្នកណាក៏ចង់បានសេរីភាពដែរ ពីព្រោះបើអត់មានសេរីភាព យើងមិនអាចបំពេញអាជីពនេះឲ្យបានពេញលេញបានទេ។ ប៉ុន្តែសេរីភាពត្រូវតែអមទៅដោយជាមួយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ពីព្រោះការទទួលខុសត្រូវ ហើយនឹងក្រមសីលធម៌វិជ្ជាជីវៈនេះ វាជាហ្វ្រាំងសម្រាប់ទប់សេរីភាពរបស់យើងកុំឱ្យយើងរអិលធ្លាក់ចាកពីគន្លងវិជ្ជាជីវៈ ហើយវាក៏អាចជួយរក្សាតម្លៃនៃសេរីភាពរបស់យើងឲ្យបានគង់វង្សផងដែរ។ ដូច្នេះបើសិនយើងប្រកបអាជីពជាអ្នកសារព័ត៌មាន យើងមិនត្រឹមគិតតែពីសេរីភាពមួយមុខទេ គឺត្រូវតែភ្ជាប់ទៅដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈជាដាច់ខាត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្តថា ក្រៅពីនេះនៅមានធាតុសំខាន់ពីរទៀតដែលត្រូវតែមាននៅក្នុងខ្លួនរបស់អ្នកសារព័ត៌មានទោះតិចឬច្រើនក្តី ទី១. គឺសន្តិភាពនិយម និងទី២.គឺជាតិនិយម។ សន្តិភាពនិយម មានន័យថា អ្នកសារព័ត៌មាននៅពេលដែលយើងធ្វើសេចក្តីរាយលការណ៍ ឬក៏ធ្វើអត្ថាធិប្បាយអ្វីក៏ដោយត្រូវជៀសវាងនូវចរិកមួយដែលបំផ្លាញសន្តិភាព ទោះជាក្នុងប្រទេសយើង ក្នុងតំបន់ ឬក៏ក្នុងពិភពលោកក៏ដោយ។ ការបំផ្លាញសន្តិភាពបានន័យថា បើកផ្លូវឱ្យមានជម្លោះ ហើយជម្លោះជាឈ្នួនផ្ទុះនៃសង្គ្រាម។ ចំណែកជាតិនិយមវិញ គឺចង់សំដៅថាយើងត្រូវស្រឡាញ់ជាតិ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយនៅពេលដែលធ្វើសេចក្តីរាយការណ៍ណាមួយដែលវាអាចគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិ យើងត្រូវពិចារណាឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងធ្វើម៉េចកុំឱ្យព័ត៌មានរបស់យើងបំផ្លាញផលប្រយោជន៍របស់ជាតិ៕
ដោយ៖ពលជ័យ

ads banner