ករណីរំលោភបូកយ៉ាងព្រៃផ្សៃ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាឱ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីរំលោភបូកនៅខេត្តសៀមរាបភ្លាម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យក្រុមការងារក្រសួងចុះធ្វើការស្រាវជ្រាវកិច្ចការនេះជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំឱ្យតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះផងដែរ។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានធ្វើលិខិតជម្រាបទៅឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប អំពីករណីនៃការឃុំខ្លួនជាបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ពេជ្រ សុវ័ន្ត ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៨ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជម្រាបប្រធានសាលាដំបូងខេត្តសៀមរាប និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបថា ក្រសួងយុត្តិធម៌បានទទួលព័ត៌មានតាមបណ្តាញសង្គម ដែលមានការចែករំលែកតគ្នាពាក់ព័ន្ធនឹងព័ត៌មានដែលថា៖ “ក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវរំលោភបូករហូតដល់ទៅ២០ នាក់ យ៉ាងព្រៃផ្សៃ ពេលសមត្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតខឹងពេក ក៏វាយទៅអ្នកបង្ក ពេលនេះ ពុកត្រូវជាប់គុក រីឯជនល្មើស១៤នាក់នៅក្រៅឃុំ”។

ក្រសួងយុត្តិធម៌បានចាត់ឱ្យស្រាវជ្រាវករណីនេះ និងបានពិនិត្យឃើញថា ករណីអំពើហិង្សាដែលប្រព្រឹត្តដោយឈ្មោះ ពេជ្រ សុវ័ន្ត (ឪពុករបស់ក្មេងស្រីរងគ្រោះ) គឺមានសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៨ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ យោងតាមអង្គហេតុ, ក្នុងអំឡុងពេល ដែលកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងលើករណីរំលោភបំពានខាងផ្លូវភេទជាក្រុមនេះ, ជនត្រូវចោទឈ្មោះ ពេជ្រ សុវ័ន្ត ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ ដោយទប់កំហឹងពុំបានចំពោះករណីនៃការរំលោភបំពាន ខាងផ្លូវភេទជាក្រុមទៅលើកូនស្រីរបស់ខ្លួន បានប្រើអំពើហិង្សាទៅលើជនសង្ស័យ ដោយបានធាក់ឈ្មោះ ឡុង សេងឡាយ ដែលជាជនសង្ស័យមួយរូប ចំកណ្តាលមុខបណ្តាលឱ្យបែកមុខហូរឈាម។ តាមបណ្តឹងរបស់ម្តាយរបស់ឈ្មោះ ឡុង សេងឡាយ, ឈ្មោះ ពេជ្រ សុវ័ន្ត ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ហើយបច្ចុប្បន្ន ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប។

ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា៖
១-យោងតាមមាត្រា២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, ជាគោលការណ៍ ជនត្រូវចោទត្រូវមានសេរីភាព។ ក្នុងករណីពិសេស, ជនត្រូវចោទអាចត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ពិសេស មាត្រា២០៥។
២-អំពើហិង្សា គឺជាអំពើខុសទៅនឹងច្បាប់ព្រហ្មទណ្ឌ ទោះបីជាអំពើនេះ កើតឡើងដោយសារកំហឹងនៃការប្រព្រឹត្តបទល្មើសរបស់ជនល្មើសទៅជនរងគ្រោះក៏ដោយ។ ដូចនេះ ចំណាត់ការនៃការចោទប្រកាន់ ករណីនេះនៅពេលមានបណ្ដឹងពីភាគីជនរងគ្រោះដោយសារអំពើហិង្សា គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។
៣-ប៉ុន្តែ ការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន គឺត្រូវធ្វើឡើងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ និងត្រូវអនុលោមតាមគោលការណ៍ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដូចបានរៀបរាប់ខាងលើ។

ក្រសួងពិនិត្យ ឃើញថា ការឃុំខ្លួនឪពុករបស់ជនរងគ្រោះជាបណ្តោះអាសន្ន ដោយសារការប្រើអំពើហិង្សាទៅជនដែលបានប្រព្រឹត្តអំពើបំពានលើកូនស្រីរបស់ខ្លួន ថ្វីត្បិតតែមានភាពចាំបាច់ក្នុងដំណាក់កាលដំបូងនៃនីតិវិធី ដើម្បីបង្ការកុំឱ្យអំពើនេះកើតមានទៅលើជនសង្ស័យដទៃទៀត ប៉ុន្តែ បច្ចុប្បន្ន, វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ននេះ លែងមានភាពចាំបាច់ ហើយប្រសិនបើមានស្ថានភាពចាំបាច់លើទិដ្ឋភាពនីតិវិធី, តុលាការគប្បីពិចារណាប្រើ វិធានការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាវិធានការជំនួសការឃុំខ្លួនជាបណ្តោះអាសន្នវិញ ដោយអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។

អាស្រ័យហេតុនេះ និងដើម្បីធានាភាពត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់នៅក្នុងសំណុំរឿងខាងលើ និងនៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់អំពីករណីរំលោភបំពានផ្លូវភេទជាក្រុមលើជនរងគ្រោះខាងលើ ក្រសួងសូមស្នើ ឯកឧត្តម ពិចារណាឡើងវិញលើទិដ្ឋភាពច្បាប់ និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ក្នុងការបញ្ចប់ វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្នចំពោះករណីខាងលើ ស្របតាមច្បាប់ និងនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖ពលជ័យ

ads banner