ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិកសម្រាប់នាំចេញ តើអាចទៅរួចទេ?

ភ្នំពេញ:រាជរដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជារំលេចពីគម្រោងប្រកបដោយមហិច្ឆតានេះក្នុងពេលចូលរួមសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា កាលពីថ្ងៃព្រហស្បតិ៍ ហើយដើម្បីសម្រេចផែនការនេះ សម្តេចបានបង្ហាញពីវិធានការអាទិភាពចំនួន៥ រួមមាន ការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍ ,ហេដ្ឋារចនាសម្ព័ន្ធ ,កិច្ចសម្រួលពាណិជ្ជកម្ម ,បរិយាកាសធុរកិច្ច និងការវិនិយោគ និងយុទ្ធសាស្ត្រនៃការសម្របសម្រួលអន្តរស្ថាប័ន។
 
ប៉ុន្តែ អ្នកជំនាញក្រៅរដ្ឋាភិបាលថា គម្រោងនេះហាក់នៅឆ្ងាយពីគោលដៅនៅឡើយ ដោយសារកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ។
 លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រាប់ទូរទស្សន៍អប្សរាថា ក្រៅពីគុណសម្បត្តិនៃទីតាំងភូមិសាស្ត្រដែលកម្ពុជាស្ថិតចំចំណុចកណ្ដាលអាស៊ាន កម្លាំងពលកម្មច្រើន និងនៅមានតម្លៃទាប នៅមានបញ្ហាប្រឈមធំៗដែលអាចរាំស្ទះនូវចក្ខុវិស័យនេះ គឺកម្លាំងពលកម្មជំនាញនៅមានតិចតួច ភស្តុភារកម្ម និងការដឹកជញ្ជូន ទឹក ភ្លើង នៅមានតម្លៃខ្ពស់ និងបញ្ហាតម្លៃពន្ធជាដើម។ លោកថាក្រសួង-ស្ថាប័នពាក់ព័ន្ធ គួរតែគិតគូរបន្ថែមទៀតលើកែសម្រួលច្បាប់វិនិយោគឲ្យកាន់តែទាក់ទាញ ពង្រីក និងកែលម្អបន្ថែមទៀត តំបន់សេដ្ឋកិច្ចពិសេស ហើយក្រសួង-ស្ថាប័ន គួរតែស្រុះគ្នាក្នុងការដើរទាក់ទាញអ្នកវិនិយោគ។
 
ចំណែកការក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការផលិតគ្រឿងបរិក្ខារអេឡិចត្រូនិកវិញ លោក មុំ វ៉ារិន អនុប្រធានសមាគមធុរកិច្ចអេឡិកត្រូនិកកម្ពុជា និយាយថា កម្ពុជាត្រូវការក្រុមហ៊ុនធំៗ ដូចជា Apple Boeing ឬ Toshiba ជាដើមដើម្បីវិនិយោគក្នុងវិស័យនេះសម្រាប់ការនាំចេញ ហើយដើម្បីសម្រេច កម្ពុជាត្រូវ រៀបចំបរិយាកាសវិនិយោគឲ្យបានល្អប្រសើរបន្ថែមទៀត ហើយគួរតែមានការលើកទឹកចិត្តដល់យុវជនដែលរកឃើញផលិតបច្ចេកវិទ្យាអេឡិចត្រូនិកណាមួយ ដើម្បីពួកគេបង្កើនការស្រាវជ្រាវផលិតបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងក្រៅស្រុកផង។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីយុទ្ធនាការគាំទ្រមួយចំនួនពាក់ព័ន្ធនឹងវិធានការគន្លឹះដែលមាននៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដូចជា ការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មូលនិធិអភិវឌ្ឍន៍ជំនាញ ការជំរុញនិងគាំទ្រការបង្កើតគំនិតច្នៃប្រឌិត ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកលលោកជាដើម។
 
ទោះបីយ៉ាងនេះក្ដី អ្នកជំនាញសេដ្ឋកិច្ច និងអេឡិចត្រូនិក ក្រៅរដ្ឋាភិបាលខាងលើនេះ យល់ថា កម្ពុជា ត្រូវការពេលចន្លោះពី ៣ ទៅ ៥ឆ្នាំ ឬអាចលឿនជាងនេះ ដើម្បីអាចដើរទៅដល់គោលដៅ ហើយគោលដៅនឹងមិនអាចសម្រេចបានទេ ប្រសិនបើមិនមានវិធានការដោះស្រាយបញ្ជាប្រឈមទាំងនោះ ឲ្យមានប្រសិទ្ធភាព។
 មកដល់ពេលនេះ កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៦ដែលកំពុងដំណើរការ នៅខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង ស្វាយរៀង កណ្ដាល និងរាជធានីភ្នំពេញ។ ក្រៅពី តូយ៉ូតា ដែលវិនិយោគជាង៣០លានដុល្លារ រោងចក្រដំឡើងផ្សេងទៀតមានយីហោឡាន Ford, Kia, Hyundai, Sainnyong និងGTV។ កម្ពុជា រំពឹងថា អាចផលិតរថយន្តបាននៅអំឡុងឆ្នាំ ២០៤០ឬ២០៤៥៕
ដោយៈឃួន សុភ័ក្រ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner