កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតម្លៃ២០០លានដុល្លារបើកដំណើរការនៅខែមីនា ឆ្នាំ២០២៧ កម្ពុជាឈប់ពឹងផ្លូវទឹកវៀតណាម

ភ្នំពេញៈ កំពង់ផែទឹកជ្រៅដំបូងបង្អស់របស់ខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ ២០២៦ និងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៧។ ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ទូរទស្សន៍អប្សរាដូច្នេះ នៅក្នុងបទសម្ភាសផ្តាច់មុខនៅថ្ងៃសុក្រនេះ។
ឯកឧត្តមប្រាប់ថា កំពង់ផែទឹកជ្រៅនេះដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤ម៉ែត្រកន្លះ អាច ឲ្យកប៉ាល់ខ្នាតធំដែលអាចផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ ចូលចតបាន។ ការណ៍នេះនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាទាបជាងមុនប្រហែល២០០ដុល្លារក្នុងមួយកុងតឺន័រ។ កំពង់ផែនេះមានតម្លៃប្រមាណ២០០លានដុល្លារ ដែលជាប្រាក់កម្ចីពីជប៉ុន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា នៅពេលកំពង់ផែនេះដំណើរការ កម្ពុជាអាចដឹកទំនិញទៅទីផ្សារសកល និងនាំចូលទំនិញពីបរទេស បានដោយមិនបាច់ឆ្លងកាត់វៀតណាមដូចពេលបច្ចុប្បន្ននេះទេ។
ជាច្រើនឆ្នាំមកនេះ ដោយសារតែកប៉ាល់ធំៗមិនអាចចូលដល់កំពង់ផែកម្ពុជាបាន កប៉ាល់ទាំងអស់ត្រូវចូលកំពង់ផែរបស់ប្រទេសវៀតណាមដើម្បីផ្ទេរទំនិញទៅកប៉ាល់ខ្នាតតូច មុននឹងបន្តដំណើរមកកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ប្រាប់ថា ៣៣ ភាគរយនៃទំនិញចេញចូលសរុបរបស់កម្ពុជាត្រូវឆ្លងកាត់។ ចំនួន ៣៣ភាគរយ នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ស្មើនឹង470,000 TEU ឬប្រហាក់ប្រហែលនឹងជាង៩០ម៉ឺនកុងតឺន័រ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា តម្លៃកប៉ាល់សម្រាប់ដឹកជញ្ជូនពីកំពង់ផែ ខាត់ឡៃ របស់វៀតណាម មកកំពង់ផែភ្នំពេញ មានតម្លៃប្រហែល១៥០ដុល្លារក្នុងមួយកុងតឺន័រ ។មានន័យថា វៀតណាមបានប្រយោជន៍សេដ្ឋកិច្ចរាប់រយលានដុល្លារពីទំនិញកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ព្រែកជីកហ្វូណនតេជោដែលគ្រោងសាងសង់នៅខែធ្នូឆ្នាំនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែចំណេញ ដោយសារតែទំនិញអាចដឹកជញ្ជូនតាមផ្លូវទឹកពីខេត្តព្រះសីហនុ មកកំពង់ផែស្វ័យ័តភ្នំពេញតែម្តង។

ថ្មីៗនេះវៀតណាមបានបង្ហាញលទ្ធផលសិក្សាអំពីព្រែកជីកហ្វូណនរបស់កម្ពុជា និងដាក់ការសន្និដ្ឋានថា ព្រែកជីកនេះមានបំណងបម្រើប្រយោជន៍យោធាចិន និងថាទំនងអាចប៉ះពាល់ដល់ផ្លូវទឹកទៅកាន់ប្រទេសរបស់ខ្លួនផងដែរ។ ក៏ប៉ុន្តែ អ្នកសេដ្ឋកិច្ច សង្គម និងអ្នកនយោបាយជាច្រើន បានច្រានចោល ហើយមើលឃើញថាវៀតណាមបារម្ភពីការខាតបង់ប្រយោជន៍សេដ្ឋកិច្ច និងការត្រួតត្រាចំនួននិងប្រភេទទំនិញចេញចូលកម្ពុជា។
ក្រៅពីកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ កម្ពុជា ក៏គ្រោងបើកដំណើរការកំពង់ផែទឹកជ្រៅនៅខេត្តកំពតនៅឆ្នាំ២០២៤នេះ ផងដែរ ដែលមានតម្លៃ១ ៥០០លានដុល្លារ៕
ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner