រដ្ឋមន្ត្រីក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមឯកឧត្តម ថោ ជេដ្ឋា អមដំណើរមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃសៅរ៍បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ជារៀងរាល់ឆ្នាំ នៅរដូវវស្សាបរិមាណទឹកភ្លៀងដ៏ច្រើន បានហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោតធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតកើនឡើង ពី ១៣០០ ទៅ២០០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី រួមផ្សំកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ជាហេតុធ្វើឱ្យមានការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល។

ដោះស្រាយបញ្ហានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចង្អុលបង្ហាញដល់ស្ថាប័នពាក់ព័ន្ធឲ្យដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹងនិងទន្លេ តាមរយៈការកំណត់តំបន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយនិងស្រកទៅវិញ និងតំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ ។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំនូវផែនការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោង ជេដ្ឋា បានបញ្ជាក់ថា គម្រោងពង្វាងទឹកនេះមានការស្តារប្រឡាយចំនួន ១០ ខ្សែ ប្រវែងប្រមាណ២៦០គីឡូម៉ែត្រ និងមានការសាងសង់ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០ភាគរយហើយ។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសមាហរណកម្មផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀងនិងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីតំបន់ជុំវិញរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេ ។ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុងរាជធានីភ្នំពេញតាមប្រព័ន្ធលូនានានិងប្រព័ន្ធចម្រោះទឹកកខ្វក់។

ជាមួយនឹងការចុះពិនិត្យវឌ្ឍនភាពនៃការស្តារនេះ ប្រជាពលរដ្ឋរួមនិងអាជ្ញាធរមូលដ្ឋានក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូដល់សុខទុក្ខនិងតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ។ជាងនេះទៅទៀតពួកគាត់ក៏បានសម្តែងការត្រេកអរចំពោះសមិទ្ធិផលប្រវត្តិសាស្ត្រនេះ ហើយក្នុងនោះពួកគាត់ក៏បានរំពឹងយ៉ាងមុតមាំថា នៅក្រោយប្រឡាយនេះបានរួចរាល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននឹងមានជីវភាពធូរធាថែមមួយកម្រិតទៀតតាមរយៈការបង្កបង្កើនផល ធ្វើស្រូវច្រើនរដូវ ដាំដំណាំរួបផ្សំនិងផ្តល់ផលនេសាទ។មួយវិញទៀតផ្លូវដែលអមសងខាងប្រឡាយនេះក៏នឹងក្លាយជាគមនាគមន៍ដឹកភោគផលទៅកាន់ទីផ្សារយ៉ាងងាយស្រួលផងដែរ៕
ដោយៈ ម៉ុន សំអាត

ads banner