អាជ្ញាធរស្រុកឯកភ្នំចុះដោះស្រាយកង្វល់ខ្វះទឹកជូនប្រជាពលរដ្ឋក្នុងឃុំចំនួនពីរ

បាត់ដំបងៈសកម្មភាពអន្តរាគមន៍ក្នុងការបូមទឹកស្ទឹងសង្កែ ដើម្បីនាំយកទឹកមកជូនពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់នៅក្នុងឃុំដាច់ស្រយាលចំនួនពីរ គឺ ឃុំសំរោងក្នុង និងឃុំពាមឯក នៃស្រុកឯកភ្នំ ខេត្តបាត់ដំបងកំពុងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី៤ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងមន្ត្រីមូលដ្នានឃុំទាំងពីរបានមានវត្តមានក្នុងពេលចុះបូមយកទឹកពីស្ទឹងសង្កែទៅជូនប្រជាពលរដ្ឋរស់នៅឃុំសំរោងក្នុង និងឃុំពាមឯក ដែលកំពុងតែខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃខ្លាំងដោយសារតែរដូវប្រាំងបានអូសបន្លាយរយៈពេលយូរ ហើយថែមទាំងគ្មានភ្លៀងកក់ខែទៀតផង។

លោក ម៉ិល សុផល បានប្រាប់ទូរទស្សន៍អប្សរាថា ដោយមើលឃើញលំបាកនេះអាជ្ញាធរស្រុករួមមន្រ្តីក្រុមការងារគណបក្ស បានចុះអន្តរាគមន៍បូមទឹកពីស្ទឹងសង្កែទម្លាក់ទៅប្រឡាយដើម្បីចែកចាយជូនប្រជាពលរដ្ឋបានប្រើប្រាស់ប្រចាំថ្ងៃ។
លោកអភិបាលស្រុកឯកភ្នំបានបន្ថែមថាក្នុងការចុះអន្តរាគមន៍ថ្ងៃនេះ នាយឧត្តមសេនីយ៍ សេង យូអ៊ន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឯកភ្នំ បានផ្តល់ថវិកាចំនួនប្រាំលានរៀលសម្រាប់ប្រើប្រាស់ក្នុងការបូមទឹក។

លោក ម៉ិល សុផល បានឱ្យដឹងបន្ថែមថា ក្នុងស្រុកឯកភ្នំ មានឃុំចំនួនប្រាំពីរ។ ក្នុងនោះ ឃុំចំនួនពីរស្ថិតក្នុងតំបន់ដីលិចទឹក(បឹងទន្លេសាប) និងប្រាំឃុំស្ថិតលើដី គោក ។តំបន់មួយចំនួននៃឃុំទាំងប្រាំពីរ កំពុងតែប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ដោយសារតែស្ថានភាពអាកាសធាតុរាំងស្ងួតក្តៅហួតហែងខ្លាំង ខណៈដែលស្ទឹងសង្កែនៅផ្នែកខាងក្រោមរបស់ស្រុកក៏កំពុងតែប្រឈមនឹងមានរីងទឹកពីបាតស្ទឹងទៀតផង៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner