ការស្តារប្រឡាយមេ៩៦ និង ព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ សម្រេចបានប្រមាណ៦៥ភាគរយ
ភ្នំពេញ៖ ការដ្ឋានស្តារប្រឡាយមេ៩៦ និង ព្រែកគង់ដែលមានប្រវែង៣៤គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈសម្រេចបានប្រមាណ ៦៥ភាគរយ។ប្រឡាយនេះមានមុខកាត់ទទឹង ពី ៨០ ទៅ ១០០ ម៉ែត្រ។ ប្រភពក្រសួងធនធានទឹក និងឧតុនិយមបានឳ្យដឹងថា ប្រឡាយនេះជាផ្នែកមួយ នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀស ការ ជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់ រណប ។ប្រឡាយនេះក៏ជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញ ពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះ។
គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការ ជន់ លិច នៅ ភូមិសាស្រ្តរាជធានីភ្នំពេញ។ក្រសួងថា ការដ្ឋាននេះត្រូវអនុវត្តជាបីជំហាន ។ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖ ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំង ជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ,ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល, ,ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ,ទី៤) ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង៕
ដោយ ង៉ាន់ ទិត្យ
រូបភាព៖ក្រសួងធនធានទឹក និងឧតុនិយម