សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់ ឯកអគ្គរាជទូតកាតា ថា កាតា គួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់ឯកអគ្គរាជទូតកាតា ថា កាតា គួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា (State of Qatar) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង សម្តេចតេជោ បានរំលឹកថា នៅពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេច ពុំមានពេលគ្រប់គ្រាន់ទទួលទូតដែលមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ដោយនេះគឺជាករណីពិសេស។

សម្ដេចតេជោ បានរំឭកថា នៅឆ្នាំ២០០៨ ពេលដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា។

ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោ និងប្រជាជនកម្ពុជា និងសូមអបអរសាទរសម្តេចដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះសម្តេច ដោយសង្ឃឹមថា កាតា នឹងមាននិវេសដ្ឋាននៅកម្ពុជានាពេលខាងមុខ ហើយក៏បានប្ដេជ្ញាថា នឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។

សម្ដេចតេជោ បានសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេចមានបំណងចូលរួមដែរ ប៉ុន្តែបែរជាអាក់ខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ អគ្គរាជទូតកាតាបានយកបាល់ដែលទាត់នៅក្នុងព្រឹត្តិការណ៍ World Cup មកជូន សម្ដេចទុកជាអនុស្សាវរីយ៍ ។

សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេលកម្ពុជា ជាម្ចាស់ផ្ទះនៃប្រធានអាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថា កាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយ កម្ពុជា ជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ហើយកម្ពុជា មានគោលការណ៍ពិសេស អនុញ្ញាតឲ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានរំឭកថា កាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប មកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជា និងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ ។

ឯកឧត្ដម សន្យាថា នឹងខិតខំប្រមែប្រមូលអ្នកវិនិយោគិន ពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបានលើកឡើងថាគាត់កំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។

កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ ។

សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ ។

សម្ដេចតេជោ ជំរុញអោយពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១)ធ្វើយ៉ាងណាអោយវិនិយោគិនមានទំនុកចិត្តគឺត្រូវអោយមានកិច្ចព្រមព្រៀងការពារវិនិយោគ ទី២)អោយមានកិច្ចព្រមព្រៀងមិនមានពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើជានេះទៅទៀតបើអាចធ្វើបាន គឺបង្កើតកិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចសេរី(Free Trade Zone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner