ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារបោះឆ្នោត បានបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង១២មណ្ឌលនៅក្នុងទូទាំងខេត្តហើយ

អត្ថបទដោយ៖
Kien Sereyvuth

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ សម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក បានបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង១២មណ្ឌលនៅក្នុងទូទាំងខេត្តហើយ ដោយមានកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការពារ និងអន្តរាគមន៍នៅតាមគោលដៅនិមួយៗ ហើយគិតត្រឹមវេលាម៉ោង៩ព្រឹកមិញនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជូន និងប្រគល់-ទទួលសម្ភារ ឯកសារបោះឆ្នោត ទៅដល់គណៈកម្មការការិយាល័យបោះឆ្នោតទាំង១២មណ្ឌល រួចរាល់អស់ហើយ ក្នុងនោះរួមមាន សន្លឹកឆ្នោត , បញ្ជីបោះឆ្នោតផ្លូវការ , ទឹកខ្មៅជ្រលក់ដៃ , ត្រាសម្ងាត់ , ហិបឆ្នោត , ត្រាការិយាល័យ , កេសសម្ភារបោះឆ្នោត និងបន្ទប់សម្ងាត់ ។

លោក នឹម វ៉ាន់សំ មានប្រសាសន៍ទៀតថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ ខណៈខេត្តសៀមរាប មានការិយាល័យបោះឆ្នោតចំនួន១២កន្លែងនៅតាមបណ្តាក្រុងស្រុកទាំង១២របស់ខេត្ត , មានអ្នកបោះឆ្នោតចំនួន ៦៦៨នាក់ , មានបេក្ខជនឈរឈ្មោះចំនួន១.៦៣៤នាក់ ក្នុងនោះស្រីចំនួន៥១៨នាក់ មកពីគណបក្សនយោបាយចំនួន០៦ គណបក្ស រួមមាន ៖ គណបក្សប្រជាជនកម្ពុជា , គណបក្សយុវជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ , គណបក្សឆន្ទៈខ្មែរ , គណបក្សសញ្ជាតិកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច  និង មានអ្នកសង្កេតការបោះឆ្នោតមានចំនួន៥៦នាក់ ក្នុងនោះមកពីគបក្សនយោបាយចំនួន៤៤នាក់ និងមកពីសមាគមគ្រឹះស្ថានសិក្សាចំនួន១២នាក់ ។

លោកនឹម វ៉ាន់សំ មានប្រសាសន៍បន្ថែមទៀតថា  ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងដំណើរការនៃការបោះឆ្នោត តាមរយៈនេះ សូមអំណាវនាវដ ល់បេក្ខជនដែលមានឈ្មោះបោះឆ្នោត ត្រូវគោរពទៅតាមនីតិវិធីនៃការបោះឆ្នោត និង អនុវត្តតាមការបង្ហាញប្រាប់របស់មន្ត្រីរៀបចំការបោះឆ្នោត ដែលកំពុងបំពេញភារកិច្ចនៅតាមមណ្ឌល   , ហាមមិនឱ្យប្រើប្រាស់ទូរស័ព្ទ និងម៉ាស៊ីនថតគ្រប់ប្រភេទ ដើម្បីថតរូប ថតវីដេអូ នៅពេលកំពុងបោះឆ្នោត និង ជំរាបជូនដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បើពុំមានបណ្ណ័សំគាល់អ្នកសារព័ត៌មានដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ គឺមិនអនុញ្ញាត និងមិនឱ្យចូលថតសកម្មភាពនៅក្នុងការិយាល័យបោះឆ្នោតឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner