ក្រុមអត្តពលិក ហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសច្រើនជាងគេ នៃពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ហែលទឹក៖ ក្រុមអត្តពលិក ក្លឹបហែលទឹក ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹត្តិការណ៍កីឡាហែលទឹក ដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ឆ្នាំ២០១៩ ដែលមានការអញ្ជើញចូលរួម ជាអធិបតីភាព ដើម្បីបំពាក់មេដាយដល់ជ័យលាភី ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្តាហ៍កន្លងទៅ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមលទ្ធផល ពីមន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា ក្លឹបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាសបានច្រើនជាងគេសរុប២៧គ្រឿង មេដាយមាស១៤គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ ៨គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ១ ខណៈចំណាត់ថ្នាក់លេខ២បានទៅលើក្រសួងសាធារណការ និងដឹកជញ្ជូន ឈ្នះមេដាយ សរុប៣២គ្រឿង មាស១២គ្រឿង ប្រាក់១៤គ្រឿង និងសំរិទ្ធ៦គ្រឿង លេខ៣ក្លឹបនាគរាជ ខេត្តកំពង់ចាមដណ្តើមមេដាយ៩គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៥គ្រឿង។ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយ១០គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៧គ្រឿង ក្រុមកីឡាករកីឡាការិនី របស់ប៉ារ៉ាឡាំពិកកម្ពុជា ដណ្តើមមេដាយបាន៣គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង។
សូមបញ្ជាក់ថា ការប្រកួតនេះត្រូវបានបែងចែកទៅតាមកម្រិតអាយុ អត្តពលិកទាំងអស់ត្រូវមានអាយុ ចាប់ពី១៤ឆ្នាំឡើងទៅ ។ វិញ្ញាសាការប្រកួត បែងចែកចេញជា៣វិញ្ញាសា ដោយបុរសមាន ១៨វិញ្ញាសា នារីមាន ១៣វិញ្ញាសា និងជនពិការមាន ២វិញ្ញាសា ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner