អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញអំពាវនាវដល់បណ្ដាអង្គភាពសូមចូលរួមបំផុសចលនាកីឡា និងការហាត់ប្រាណឲ្យបានគ្រប់គ្នា

អត្ថបទដោយ៖
ហេង វណ្ណា

អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ លោក អ៊ុក ចន្ថា បានអំពាវនាវដល់មន្ដ្រី ដឹកនាំតាមបណ្ដាអង្គភាព ចូលរួមបំផុសចលនាកីឡា និងការហាត់ប្រាណឲ្យបានគ្រប់គ្នា ទាំងក្នុង គ្រឹះស្ថានសិក្សាអង្គភាពស្ថាប័ន និងទីសាធារណៈ ដើម្បីទទួលបាននូវសុខភាពល្អកាយសប្បទាមាំមួន ក្នុងការរួមចំណែកអភិវឌ្ឍន៍កីឡារាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន។ ការថ្លែងបែបនេះ ក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ទូទាំងរាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៨-២០១៩ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ នៅវិទ្យាល័យឥន្ទ្រទេវី។

លោកបានណែនាំឲ្យកីឡាករកីឡាការិនី យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ទាំងកម្លាំងកាយកម្លាំងចិត្ត ហ្វឹកហាត់តាមបែបផែនវិទ្យាសាស្ដ្រ និងស្វែងយល់ពីច្បាប់នៃការប្រកួតបន្ថែមទៀត ដែលនាំមកនូវការលូតលាស់ ផ្នែកបច្ចេកទេស ក្លាយជាកីឡាករ កីឡាការិនី អាជីព និងដណ្ដើមបានមេដាយមកជូនប្រទេសជាតិ។ លោកបន្ថែមថា ការលេង និងការហាត់ប្រាណនឹងធ្វើឲ្យក្មួយៗ មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ កាយសម្បទាមាំមួន។ ចំណែក ថ្នាក់ដឹកនាំមន្ដ្រីកីឡាតាមអង្គភាព សូមបង្កលក្ខណៈដល់ក្រុមកីឡារបស់ខ្លួន ពិសេសក្រុមជ័យលាភី ដែលតំណាងឲ្យរាជធានីភ្នំពេញបានហ្វឹកហាត់ គ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាសិស្សបឋម សិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសរាជធានីភ្នំពេញ ដែលនឹងធ្វើឡើងនាចុងខែមីនា និងដើមខែមេសា ខាងមុខនេះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញក្នុងឆ្នាំនេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៩ នៅទីលានវិទ្យាល័យ ជា ស៊ីមបឹងកេងកង និងទីលានវិទ្យាល័យអន្ដរទេវី លើ៤ប្រភេទកីឡាគឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ដោយមានក្រុមចូលរួមមកពីការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌទាំង១១ និងឯកជន ចំនួន៣ មានកីឡាករ កីឡាការិនីសរុប ៤២០នាក់។

រីឯលទ្ធផល លើប្រភេទបាល់ទះលេខ១ ខណ្ឌឫស្សីកែវ លេខ២ សាលាសិលាមាស និងលេខ៣ ខណ្ឌសែនសុខ។ លទ្ធផលលើប្រភេទបាល់បោះ លេខ១ ខណ្ឌទួលគោក លេខ២ខណ្ឌមានជ័យ និងលេខ៣ សាលា AIS។ លើប្រភេទបាល់ទាត់ លេខ១ ខណ្ឌជ្រោយចង្វារ លេខ២ ខណ្ឌដង្កោ លេខ៣ ខណ្ឌសែនសុខ ។ សម្រាប់លទ្ធផលអត្តពលកម្មជាក្រុមវិញ លេខ១ខណ្ឌជ្រោយចង្វារ លេខ២ ខណ្ឌសែនសុខ និងលេខ៣ ខណ្ឌពោធិ៍សែនជ័យ៕ម.ន

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner