ក្រុមក្រសួងការងារឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្រោយយកឈ្នះក្រុមអង្គភាពប្រឆាំងអំពើពុករលួយ នៃពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័ន

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមជើងឯកឆ្នាំ២០១៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកឈ្នះក្រុមអង្គភាពប្រឆាំងអំពើពុករលួយ នៅវគ្គ៨ក្រុមចុងក្រោយ កាលពីយប់មិញនៅទីលាន Premium Sport Club បន្ទាប់ពីបានយកឈ្នះ ដោយលទ្ធផល ១:០ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន លើកទី៦ រដូវកាល២០១៩។

ក្នុងវគ្គ៨ក្រុមចុងក្រោយយប់មិញ ការប្រកួតយ៉ាងស្វិតស្វាញ ៧០នាទីពេញ មិនមានក្រុមណារកគ្រាប់បាននោះទេ ប៉ុន្តែនៅម៉ោងបន្ថែមបង្គ្រប់២នាទី កីឡាករ ឆន សុភារៈ របស់ក្រុមអង្គភាពប្រឆាំងអំពើពុករលួយធ្វើអោយចូលទីខ្លួនឯង ផ្តលឱកាសឲ្យក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឈ្នះ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រោយបញ្ចប់ការប្រកួតលោក អ៊ូ រតនា តំណាងក្រុមក្រសួងការងារ បានឲ្យដឹងថា ការប្រកួតនេះពិតជាស្វិតស្វាញ ដោយអង្គភាពប្រឆាំងអំពើពុករលួយ លេងបានយ៉ាងល្អ ដោយអាចរក្សា ០:០ រហូតដល់ជិតបញ្ចប់ការប្រកួតទៅហើយ ប៉ុន្តែនៅចុងម៉ោងកីឡាករយើងបានបង្កើនការវាយបក រហូតរកបានគ្រាប់ជ័យជម្នះតែម្តង ដោយសារគ្រាប់បាល់ចូលទីខ្លួនឯង។ លោកបន្ថែមថា កូនក្រុមរបស់លោកលេងបានល្អ សម្រាប់ការប្រកួតដ៏សំខាន់មួយនេះ ដោយលេងជាក្រុមលេងដោយយុត្តិធម៌ មិនបង្កបញ្ហាដល់គូប្រកួតឡើយ។

សូមរំលឹកថា ក្រុមក្រសួងការងារ ធ្លាប់ជាម្ចាស់ដំណែងជើងឯកម្តង កាលពីឆ្នាំ២០១៦ ហើយជាម្ចាស់ដំណែងជើងឯករង កាលពីឆ្នាំ២០១៥ ក្នុងចំណោម ការចូលរួមប្រកួត៦លើក រួមទាំងឆ្នាំ ២០១៩នេះ ដោយក្រុមខ្លាំងមួយនេះនៅតែរក្សាភាពខ្លាំងរបស់ខ្លួនឈានដល់វគ្គ៤ក្រុមចុងក្រោយ។ ចំណែកឯក្រុមអង្គភាពប្រឆាំងអំពើពុក រលួយបានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយដូចៗគ្នា។

ដោយឡែកមួយប្រកួតផ្សេងទៀត ដែលលេងនៅវគ្គ៨ក្រុមចុងក្រោយនេះដែរ គឺក្រុមធនាគារជាតិនៃកម្ពុជា បានយកឈ្នះ ក្រុមក្រសួងបរិស្ថាន ដោយទាត់បាល់កាត់សេចក្តីប៉េណាល់ទី ៣:២ បន្ទាប់ពីរក្សាបានលទ្ធផល ស្មើគ្នា ០:០ នៅក្នុងការប្រកួតម៉ោងធម្មតា។

ដូច្នេះ២ក្រុមដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមធនាគារជាតិនៃកម្ពុជា និងក្រុមក្រសួងការងារ ខណៈ២ប្រកួតទៀត ដែលស្វែងរកជើងខ្លាំង២ក្រុម ទៀតនឹងធ្វើនាល្ងាចថ្ងៃសុក្រស្អែក រវាងក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ះជាមួយក្រុមការពារម្ចាស់ដំណែងជើងឯក ក្រសួងសុខាភិបាល និងក្រុមទេសចរណ៍ ប៉ះជាក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner