អភិបាលរងខេត្តកំពង់ស្ពឺ ប្តេជ្ញាបង្កើនសមត្ថភាពអត្តពលិកខ្លួន ត្រៀមប្រជែងក្នុងការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ស សុពុធត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានអះអាង ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រដណ្តើមពានរង្វាន់ ភូមិភាគនិរតី ឆ្នាំ២០១៩ កាលពីម្សិលមិញថា ខេត្តនឹងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីទាញព្រ័ត្របន្ថែមទៀត ដើម្បីប្រជែងដណ្តើមយកជ័យជម្នះពីប្រកួតថ្នាក់ជាតិឆ្នាំ២០១៩ខាងមុខជូនខេត្ត ខណៈការប្រកួតដែលធ្វើឡើងនៅខេត្តកំពង់ស្ពឺ ពាលនេះកីឡាករ កីឡាការិនីតំណាងខេត្តនូវពុំទាន់ប្រជែងបានលទ្ធផលល្អជូនខេត្តនៅឡើយនោះ។

ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីឲ្យកីឡាទាញព្រ័ត្រខេត្តកំពង់ស្ពឺ មានសក្តានុពលអាចប្រជែងដោយគុណភាព សម្រាប់ការប្រកួតថ្នាក់ជាតិខាងមុននេះ ឯកឧត្តមនឹងជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចាប់ផ្តើមធ្វើការបណ្តុះបណ្តាលបំប៉នពង្រឹងសមត្ថភាព និងបច្ចេកទេសជំនាញ ឲ្យកាន់តែខ្លាំងក្លា ដើម្បីឈានទៅរកជោគជ័យមកជូនខេត្តឲ្យបាននាពេលខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ការប្រកួតកីឡាទាញព្រ័ត្រដណ្តើមពានរង្វាន់ ភូមិភាគនិរតីឆ្នាំនេះ គឺជាសកម្មភាពមួយ រួមចំណែកយ៉ាងសំខាន់ក្នុងចលនាបំផុសឲ្យកីឡាទាញព្រ័ត្រផុសនៅទូទាំងប្រទេស ក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីអភិវឌ្ឍឈានទៅសម្រេចគោលដៅនៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមបានកើតសសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ពីប្រតិភូកីឡាករ កីឡាការិនីតាមបណ្តាខេត្តដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា មកចូលរួមប្រកួតយ៉ាងសស្រោកសស្រាំមកចូលរួមប្រកួត ដើម្បីជំរុញបំផុសឲ្យកីឡាទាញព្រ័តកម្ពុជាកាន់តែមានសក្តានុពល។ ជាមួយគ្នានោះ ឯកឧត្តមបានជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីដែលឈ្នះជ័យលាភី និងមិនទាន់ឈ្នះជ័យលាភីខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងភាពខ្លាំងត្រៀមប្រកួតប្រជែងនាពេលក្រោយ។

ចំពោះលទ្ធផលវិញ ផ្នែកបុរស ៤ទល់៤ ទម្ងន់២៥០គីឡូក្រាម លេខ១ បានលើក្រុមកីឡាករមកពីខេត្តកំពត លេខ២ កំពង់ស្ពឺ លេខ៣ ខេត្តតាកែវ និងលេខ៤ ខេត្តព្រះសីហនុ ឯផ្នែកនារី ៤ទល់៤ ទម្ងន់២៥០គីឡូក្រាម លេខ១ ខេត្តកំពង់ស្ពឺ លេខ២ខេត្តកំពត លេខ៣ ខេត្តតាកែវ និងលេខ៤ ខេត្តព្រះសីហនុ ចំណែកឯ ៨ទល់៨ផ្នែកបុរស ទម្ងន់៦០០គីឡូក្រាម លេខ១ ខេត្តកំពត លេខ២ ខេត្តកំពង់ស្ពឺ លេខ៣ ខេត្តតាកែវ និងលេខ៤ ខេត្តព្រះសីហនុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner