មហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេ ក្នុងពានរង្វាន់សូហ្វតិន្នីសសម្តេចក្រឡាហោម ស ខេង

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមសមាគមកីឡាក្រសួងមហាផ្ទៃ ក្រសោបបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ ២០១៩ ខណៈក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិបានឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ៤ ក្លិបក្រសួងការពារជាតិ បានឈ្នះមេដាយប្រាក់១ សំរឹទ្ធ ២ ក្លិបខេត្តកំពង់ស្ពឺឈ្នះបានមេដាយសំរឹទ្ធ ២ និងក្លិបជប៉ុនបានឈ្នះមេដាយសំរឹទ្ធ ១ ប៉ុន្តែក្លិបខេត្តកំពង់ឆ្នាំង និងក្លិបអង្គការមិត្តសម្លាញ់មិនដណ្តើមបានមេដាយពីការប្រកួតនេះទេ។

ក្នុងចំណោមមេដាយមាសទាំង៧ នោះកីឡាករឆ្នើម កាន់ សោភ័ណ្ឌ បានឈ្នះមេដាយមាស ២ តែម្នាក់ឯងនៅក្នុងការប្រកួតក្របខណ្ឌ-ក១ ខណៈរូបគេបានយកឈ្នះលើមិត្តរួមក្រុម អន សម្បត្តិ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាសទី ២ បន្ថែមទៅលើការឈ្នះមេដាយមាសលើវិញ្ញាសាវាយគូជាមួយ ឯក ចំរើន នោះ។

ឯកឧត្តម សេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានថ្លែងថា «ការប្រកួតនេះវាបានផ្តល់នូវបទពិសោធថ្មីៗបន្ថែមទៀតទៅដល់អត្តពលិករបស់យើងក្នុងការពង្រឹងសមត្ថភាពឲ្យកាន់តែល្អ ហើយគិតមកដល់ពេលនេះសម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធបានឧបត្ថម្ភយ៉ាងច្រើនក្នុងការជួយជំរុញឲ្យកីឡាសូហ្វតិន្នីសកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងខ្លាំង និងដណ្តើមបានមេដាយជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ»។

សូមបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ ២០១៩ គឺមានអត្តពលិកចំនួន៩០នាក់ (ស្រី២៥នាក់) មកពីក្លិបសមាគមចំនួន៦ បានចូលរួម ហើយជាលទ្ធផល ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃបានឈ្នះមេដាយមាសទាំង៧វិញ្ញាសាទាំងលើការប្រកួតក្របខណ្ឌ-ក២ និងក១ រួមជាមួយមេដាយប្រាក់៤ និងសំរឹទ្ធចំនួន៥ទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner