តំណាងរាស្ត្រកំពង់ស្ពឺ រំពឹងថា នៅស៊ីហ្គេម២០២៣ នឹងមានវត្តមានកីឡាករចេញពីខេត្តចូលរួមប្រកួត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កម្មវិធីបាល់ទាត់ ណាហ្គាវើលបេះដូងសប្បុរស បានជួយជំរុញអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានបាល់ទាត់នៅខេត្តកំពង់ស្ពឺ ឲ្យមានសក្តានុពលនាពេលខាងមុខ។ ឯកឧត្តមជឿជាក់ថា តាមរយៈកម្មវិធីនេះ វានឹងជំរុញយុវជនបានបញ្ចេញសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិ ជាពិសេសបង្ហាញវត្តមានជាកីឡាករខេត្តកំពង់ស្ពឺ ប្រកួត នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នោះ ក្នុងកម្មវិធីប្រគល់ជ័យលាភី ការប្រកួតយុវជនអាយុក្រោម១៨ឆ្នាំ នៅមន្ទីរអប់រំយុវជន និងកីឡា។

ឯកឧត្តម បញ្ជាក់ទៀតថា ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍វិស័យបាល់ទាត់ នៅក្នុងខេត្តកំពង់ស្ពឺទទួលបានជោគជ័យចាំបាច់ត្រូវភាគីពាក់ព័ន្ធ ដូចជា ខេត្ត មន្ទីរ ដៃគូឯកជន លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ រួមសហការគ្នា ទើបសម្រេចបានលទ្ធផលផ្លែផ្កានាពេលខាងមុខ។

ជាមួយគ្នានេះ លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការប្រកួតបាល់ទាត់យុវជនយុវនារីប្រចាំខេត្ត ដើម្បីជម្រើសរើសកីឡាករការិនីល្អៗ និងកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកដែលរៀបចំដោយកម្មវិធីដូងសប្បុរសរបស់ក្រុមហ៊ុនណាហ្គាវើលនៅក្នុងខេត្តកំពង់ស្ពឺនេះ និងបង្កើតបានកីឡាករការិនីបាល់ទាត់ឆ្នើមកាន់តែច្រើន នៅពេលខាងមុខ។ សហព័ន្ធបាល់ទាត់កម្ពុជារីករាយគាំទ្ររាល់ការអភិវឌ្ឍបែបនេះ។

ចំណែកឯនាយកគ្រប់គ្រងណាហ្គាវើល លោក Pern chen មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យកីឡា គឺជាគំនិតផ្តួចផ្តើមមួយសំខាន់ទាំង៤ របស់ក្រុមការងារសង្គមណាហ្គាវើលបេះដូងសប្បុរស ។ យើងមានគោលបំណងអភិវឌ្ឍកម្មវិធីកីឡាសម្រាប់សហគមន៍ និងលើកទឹកចិត្តឲ្យយុវជនចូលរួមលេងកីឡា ដើម្បីបង្កើនសាមគ្គីភាពជាក្រុម និងភាពជាអ្នកដឹកនាំ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ខ្នាតតូចនេះមាន២៨ក្រុមចូលរួម យុវជន១៩ក្រុម និងយុវនារី៩ក្រុម ដំណើរការប្រកួតរយៈពេល៤ថ្ងៃ ជាលទ្ធផលចំណាត់លេខ១ផ្នែកយុវជនបានទៅវិទ្យាល័យកំពង់ស្ពឺ ចំណាត់ថ្នាក់លេខ២ វិទ្យាល័យហ៊ុនសែនភ្នំស្រួច ចំណាត់ថ្នាក់លេខ៣វិទ្យាល័យវាលថ្ពង។ ផ្នែកនារីចំណាត់លេខ១វិទ្យាល័យអន្លង់ជ្រៃ លេខ២ វិទ្យាល័យឱរ៉ាល់ និងលេខ៣វិទ្យាល័យវាលពង់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner