កីឡា៤ប្រភេទដែលឈ្នះមេដាយពីអន្តរជាតិ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ជាង៤០០លានរៀល

អត្ថបទដោយ៖
Kien Sereyvuth

ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន៤០៨លាន៥០ម៉ឺនរៀល ត្រូវបាន ប្រគល់ជូនដល់ម្ចាស់ជ័យលាភីលើ៤ប្រភេទកីឡា ដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិ និងគ្រូបង្វឹក គ្រូជំនួយ ដែលដណ្តើមបានមេដាយ ពីការប្រកួតអន្តរជាតិចំនួន៤ផ្សេងៗពីគ្នា។ ពិធីប្រគល់ប្រាក់ រង្វាន់នេះបានធ្វើឡើង ក្នុងកិច្ចបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ដោយមានការ អញ្ជើញចូលរួម និងប្រគល់ជូន ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមលិខិតផ្លូវការស្តីពីប្រាក់រង្វាន់ជ័យលាភីរបស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយក ដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ព្រឹត្តិការណ៍អន្តរជាតិទាំង៤ ដែលអត្តពលិកកម្ពុជាឈ្នះមេដាយយកមកជូនជាតិ នាពេលកន្លងមក រួមមាន៖

១)ប្រភេទកីឡា តេក្វាន់ដូ ITF ចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក យុវជន លើកទី១៣ នៅ ប្រទេសប៊េឡារ៉ូស ដោយឈ្នះមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង ដែលមានគ្រូបង្វឹក៣នាក់ និង កីឡាករ៤នាក់ សរុប៨នាក់ ប្រាក់រង្វាន់សរុបចំនួន១១១លាន និង២សែនរៀល។

២)ប្រភេទ កីឡា ប៉េតង់ចូលរួមប្រកួតជើងឯកអាស៊ី លើកទី២ នៅប្រទេស ម៉ាឡេស៊ី ដោយឈ្នះមេដាយ ប្រាក់១ និង សំរឹទ្ធិ៣គ្រឿង ដោយមានគ្រូបង្វឹក២នាក់ កីឡាករ៤នាក់ និងកីឡាការិនី៤នាក់ សរុប១០នាក់ មាន ប្រាក់រង្វាន់តាមកម្រិតនីមួយៗ សរុបចំនួន ១៣៦លានរៀល។

៣)ប្រភេទកីឡាគុនដាវ ដែលចូល រួម ប្រកួតនៅក្នុងព្រឹត្តិការណ៍ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលមានប្រាក់ រង្វាន់សរុបចំនួន៧២លានរៀល បែងចែកជូនទៅលើគ្រូបង្វឹក២នាក់ កីឡាការិនី៣នាក់ និងកីឡាករ ៤នាក់ ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធិ២គ្រឿង។

៤)ប្រភេទកីឡាកាយវប្បកម្ម ដែលឈ្នះ មេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធិ២គ្រឿងពីព្រឹត្តិការណ៍កីឡា កាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៥ នៅកម្ពុជា ដោយបែងចែកជូនដល់គ្រូបង្វឹក២នាក់ និងកីឡាករ៩នាក់ សរុប១១នាក់ មាន ប្រាក់រង្វាន់សរុបចំនួន ៨៩លាន ៣សែនរៀល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner