កីឡាករវាយកូនគោល ម៉ុន សុខជា បានវិឌ្ឍន៍សមត្ថភាពខ្លាំង ក្រោយជាប់ជាកីឡាករជម្រើសជាតិ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីជាប់ជាកីឡាករជម្រើសជាតិកីឡាវាយកូនគោលកម្ពុជា ដែលជ្រើសរើសដោយសហព័ន្ធកីឡាវាយកូនគោលកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨កន្លងទៅ កីឡាករ ម៉ុន សុខជា បានវិវឌ្ឍន៍សមត្ថភាពយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយដណ្តើមបានជើងឯកពីព្រឹត្តិការណ៍២ផ្សេងគ្នា។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ កីឡាករ ម៉ុន សុខជា បញ្ជាក់ថា ព្រឹត្តិការណ៍ដែលលោកឈ្នះពាននោះ ទី១ ព្រឹត្តិការណ៍ HEINEKEN GOLF CHAMPION SHIP 2019 និងមួយទៀត ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលគម្រប់ខួប៩ឆ្នាំ ទីលានវាយកូនគោលស៊ីធីហ្គោល។

លោកអះអាងថា ព្រឹត្តិការណ៍ប្រកួតនេះ គឺមានអ្នកចូលរួមប្រជែងសុទ្ធសឹងជាកីឡាករដែលមានសមត្ថភាពខ្ពស់។ លោកបញ្ជាក់ថា ពានកីឡាវាយកូនគោលគម្រប់ខួប៩ឆ្នាំ គឺការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយកីឡាករខ្មែរ និងបរទេស ដែលពួកគេធ្លាប់ឈ្នះពានរង្វាន់ប្រចាំទីលានមួយនេះជាច្រើនលើករួចមកហើយ។

កីឡាករជម្រើសជាតិរូបនេះ អះអាងថា អ្វីដែលជំរុញធ្វើឲ្យលោកឈានទៅដល់ការឈ្នះពានទាំង២នេះ វាកើតចេញពីទឹកចិត្ត បូករួមនឹងការខិតខំហ្វឹកហាត់។ លោកបញ្ជាក់ទៀតថា ជ័យជម្នះក្នុងស្រុកវាមិនទាន់គ្រប់គ្រាន់នោះទេ លោកមានមហិតាប៉ងចង់ឈ្នះពាន និងមេដាយ នៅក្រៅប្រទេស ដើម្បីបង្ហាញឲ្យឃើញថាកម្ពុជា ក៏មានកីឡាករពោពេញដោយសមត្ថភាព ផ្នែកកីឡាវាយកូនគោលនេះដែរ។

សូមបញ្ជាក់ថា កីឡាករវ័យជាង៤០ឆ្នាំរូបនេះ បានជាប់ជាកីឡាករជម្រើសជាតិក្នុងឆ្នាំ២០១៩ ហើយកំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងសមត្ថភាព ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីន ក្នុងឆ្នាំ២០១៩នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner