ការប្រកួត Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាប មានក្រុមចូលរួមច្រើនលើសពីការរំពឹងទុក

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 បានមកដល់មណ្ឌលខេត្តសៀមរាបហើយ ដោយមានក្រុមចូលរួមលើសពីការរំពឹងទុករហូតដល់១១៨ក្រុម ប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ ដើម្បីស្វែងក្រុមខ្លាំង១២ បន្ថែមទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ការប្រកួត Tiger Street Football Festival 2019 លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺផ្តល់ឱកាសឲ្យយុវជនដែលស្រលាញ់កីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាព។

លោកស្រីបន្តថា ការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំការប្រកួត។ លោកស្រីបញ្ជាក់ថា ចង់ឃើញក្រុមតាមបណ្តាខេត្ត ឈ្នះពានរង្វាន់ Tiger Street Football Festival 2019 នេះ ជាពិសេសក្រុមនៅមណ្ឌលខេត្តសៀមរាបតែម្តង ពីព្រោះរយៈពេល៦ឆ្នាំជាប់ៗគ្នា គឺក្រុមនៅភ្នំពេញជាអ្នកលើពានរហូត។

សម្រាប់ឆ្នាំនេះ មណ្ឌលខេត្តសៀមរាប ក្រុមការងារ Tiger Street Football Festival ជ្រើសរើសយក១២ក្រុម ទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។

សូមបញ្ជាក់ថា ពានរង្វាន់ Tiger Street Football Festival គឺប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវជន និងមហាជនគ្រប់រាជធានីខេត្តទាំង២៥ ជាពិសេសនោះ ការចូលរួមមណ្ឌលតាមបណ្តាខេត្ត គឺច្រើនលើសពីការរំពឹងទុក ហើយក្រុមហ៊ុននឹងបន្តព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ ក្នុងន័យចូលរួមបំផុសសកម្មភាពកីឡាបាល់ទាត់ជាមួយនឹងសហព័ន្ធ ដើម្បីស្វែងរកកីឡាករដែលមានទេពកោសល្យ និងសមត្ថភាព ត្រៀមការប្រកួតលើឆាកអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner