ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្រាប់ឱ្យកីឡាករ គ្រូបង្វឹកយកចិត្តទុក្ខដាក់ក្រេបយកចំណេះដឹង បច្ចេកទេស និងក្បួនច្បាប់ប្រកួតពីគ្រូឧទ្ទេសមកពីអឺរ៉ុប

អត្ថបទដោយ៖
Kien Sereyvuth

ថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF បានប្រាប់កីឡាករគ្រូបង្វឹក ដែលចូលរួមវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF ត្រូវយកចិត្តទុក្ខដាក់ក្រេបជញ្ជក់ក្បួនច្បាប់ ដែលទទួលបានចែករំលែកពីគ្រូបង្វឹកមកពីតំបន់អឺរ៉ុប ពីព្រោះបច្ចេកទេស និងក្បួនច្បាប់តេក្វាន់ដូ ITF តំបន់អ៊ីរ៉ុប បានកា្លយជារនាំងឧសគ្គមួយ ដែលធ្វើឱ្យអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ខ្លាចមិនចង់ទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ធំៗ ដែលរៀបចំដោយប្រទេសលោកខាងលិច ព្រោះលក្ខន្តិកៈមួយចំនួនខុសពីបច្ចេកទេស និងក្បួនច្បាប់តេក្វាន់ដូ។

 

ដូច្នេះសហព័ន្ធបានសម្រេចអញ្ជើញគ្រូមកពីប្រទេសប៊ុលហ្គារី ដែលអនុវត្តបច្ចេកទេស និងច្បាប់ទាំងនោះ មកចែករំលែកចំណេះដឹងដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងចៅក្រមអាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF នៅកម្ពុជា។ នេះជាការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ឯកឧត្តម កែវ រ៉េមី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល កីឡាតេក្វាន់ដូ ITF កាលពីម្សិលមិញ នៅសាលប្រជុំ ក្នុងពហុកីឡដ្ឋានជាតិ។

ឯកឧត្តមប្រធានសហព័ន្ធ ក៏បានក្រើនរំលឹកឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេប យកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្ត និងចែករំលែកបន្តដល់កូនសិស្ស ដើម្បីពង្រឹងអភិវឌ្ឍន៍ជំនាញបន្ថែមទៀត សម្រាប់ត្រៀមចូលរួមការប្រកួតមិនថាតំបន់អាស៊ី ឬអឺរ៉ុបនោះឡើយ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមតេក្វាន់ដូ ដែលសហព័ន្ធរៀបចំឡើងនេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព ចៅក្រមអាជ្ញាកណ្តាល ប្រកបដោយប្រសិទ្ធភាពដើម្បីឈានទៅរកកម្រិតអន្តរជាតិពេលខាងមុខ ដោយមានសិក្ខាកាមមកពីក្លិប សមាគមន៍មកពីទូទាំងប្រទេសចូលរួមជាង៦០នាក់។

សូមបញ្ជាក់ថា វគ្គសិក្សានេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ដោយមានគ្រូឧទ្ទេស Grand Master គឹម អ៊ុង ឈុល កម្រិតខ្សែក្រវ៉ាត់៩ដាន់ ជាជនជាតិកូរ៉េមកពីប្រទេសប៊ុលហ្គារី មកធ្វើបទបង្ហាញ និងអនុវត្តន៍ជាក់ស្តែង ដល់សិក្ខាកាមទាំងអស់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner