ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា ឡើងភ្នំកម្រិតមូលដ្ឋាន បានបញ្ចប់ដោយជោគជ័យ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាឡើងភ្នំ កម្រិតមូលដ្ឋាន  ដោយមានការអញ្ជើញ ចូល រួមពីលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ បានបញ្ចប់ដោយជោគជ័យ នាថ្ងៃទី២៤ ខែធ្នូនេះ នៅខេត្តសៀមរាប ។
លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានអោយដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះ មានរយៈពេល០៥ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ ក្នុងនោះស្រី០៥នាក់ មកពីបណ្តាខេត្ត ចំនួន៥រួមមាន ៖ ខេត្តសៀមរាប បាត់ដំបង កំពត បន្ទាយមានជ័យ និងខេត្តតាកែវ ។
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកិឡា បានថ្លែងអំណរគុណ ចំពោះសហព័ន្ធកីឡា ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីលើកម្ពស់សមត្ថភាពគ្រូ បង្វឹកលើផ្នែកជំនាញ និងបច្ចេទេសបង្ហាត់ដល់កីឡាករ កីឡាការិនី ក្នុងការឈានទៅទទួល ជោគជ័យក្នុងការប្រកួតថ្នាក់ក្លឹប សមាគម ថ្នាក់ជាតិ និងអន្តរជាតិនានា ។ លោក បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើអោយកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំកាយ និងកីឡា បានធ្វើកំណែទម្រង់លើ ៣ចំណុចគឺ ៖ ការជួសជុល ហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស និងកំណែទម្រង់ការប្រកួតមិនតែប៉ុណ្ណោះ សម្តេចតេជោ បានយកចិត្តទុកដាក់លើរបបឧបត្ថម្ភប្រចាំខែ ដោយបានផ្តល់ ថវិកា គាំទ្រ ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្នាំ២០១៧ មាន២១សហព័ន្ធកីឡាជាតិ ឆ្នាំ២០១៨ មាន៣៤សហព័ន្ធកីឡាជាតិ និងឆ្នាំ២០១៩ នឹងកើនដល់៤០សហព័ន្ធកីឡាជាតិ និងប្រាក់បំប៉នក្រុមកីឡាជម្រើសជាតិ និងបានផ្តល់ប្រាក់រង្វាន់សម្រាប់ជ័យលាភី លើការប្រកួតលក្ខណៈអន្តរជាតិនានាជាច្រើន ធ្វើឱ្យវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យមានការគាំទ្រ និងចូលរួមពីមហាជនយុវជន យ៉ាងច្រើន កុះករ ។  ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡា SEA Games នៅឆ្នាំ ២០២៣ ខាងមុខនេះ ។ លោក ហ៊ុន សាមុត សង្ឃឹមនិងជឿជាក់ថា ឆ្លងតាមរយៈការទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងនេះទៅបង្ហាត់បង្រៀនកីឡាករ កីឡារិនី ប្រកបដោយយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យកីឡាករ កីឡាការិនីទទួលបានលទ្ធផលល្អ ក្នុងការប្រកួត ទាំងលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការជំរុញនិងអភិវឌ្ឍកីឡាករ កីឡាការិនីថ្នាល សម្រាប់ឆ្នាំ២០២៣ខាងមុខនេះតែម្តង ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner