អត្តពលិកកីឡាគុនដាវកម្ពុជាត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា សង្កេតឃើញថា អត្តពលិកកីឡាគុនដាវកម្ពុជា មានការកើនឡើងទាំងបច្ចេកទេស និងសមត្ថភាពជាងឆ្នាំមុន ប៉ុន្តែត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា មានប្រសាសន៍ក្រោយបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិថា តាមរយៈព្រឹត្តិការណ៍នេះ នឹងក្លាយជាប្រយោជន៍ថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន ដោយកាលពីកន្លងមកកីឡាគុនដាវធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់ក្នុងកម្រិតអាស៊ាន ប៉ុន្តែទ្វីបអាស៊ីមិនទាន់ធ្លាប់ទទួលបាននៅឡើយ ដោយយើងត្រូវការខិតខំបន្ថែមទៀត ដើម្បីឈានដល់ដណ្តើមបានមេដាយទ្វីបអាស៊ីនាពេលខាងមុខ ជាពិសេសសហព័ន្ធក៏បានរៀបចំផែនការរបស់ខ្លួនផងដែរ សម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣។

ដោយឡែកលោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនដូនពេញម៉េតហ្វាម បញ្ជាក់ដែរថា ក្រុមហ៊ុនតែងតែបានចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍កីឡានានា ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជាមួយនឹងការផ្សព្វផ្សាយឲ្យកីឡាករ កីឡាការិនី បានស្វែងយល់ពីសារៈប្រយោជន៍នៃការប្រើប្រាស់ផលិតផល Star Balm សម្រាប់លាបរឹតសន្លាក់ និងសាច់ដុំ មុនពេលលេង និងក្រោយពេលលេងកីឡា។

សូមបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ មានចំនួន២វិញ្ញាសាដែលដាក់ឲ្យប្រកួត រីឯលទ្ធផល វិញ្ញាសាឯកត្តជនដាវធំបុរស មេដាយមាស បានទៅកីឡករ សាវឿន ស័កនុ មកពីក្លិបសន្ធរម៉ុក មេដាយប្រាក់ កីឡាករ ជន ចំរ៉ុង មកពីក្លិបហូ សាណា មេដាយសំរឹទ្ធិ កីឡាករ សំ សិទ្ធិបញ្ញា មកពីក្លិបសន្ធរម៉ុក និងសំរឹទ្ធិស្ទួន កីឡាករ មាស គីម ឡេង មកពីក្លិបហូសាណាវិញ្ញាសាឯកត្តជនដាវកាប់ផ្នែកនារី មេដាយមាសបានទៅកីឡការិនី សន និច មកពីក្លិបសន្ធរម៉ុក មេដាយប្រាក់ កីឡាការិនី យី លីហ្សា មកពីក្លិបហូសាណា មេដាយសំរឹទ្ធិ កីឡាការិនី ឆាយ លីនលី មកពីក្លិបសន្ធរម៉ុក មេដាយ សំរឹទ្ធស្ទួន កីឡាការិនី វ៉ាន់ វិត្រា មកពីក្លិបអ៊ីត្រា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner