ប្រាក់រង្វាន់រាជរដ្ឋាភិបាលកម្ពុជាជាង៤៧៣លានរៀល ត្រូវបានប្រគល់ជូនអត្តពលិកដែលដណ្តើមមេដាយពីអន្តរជាតិ លើ៥ប្រភេទកីឡា

អត្ថបទដោយ៖
Kien Sereyvuth

ប្រាក់រង្វាន់សរុបចំនួន៤៧៣.៥០០.០០០រៀល របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ជូនដល់ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធ និងគ្រូបង្វឹក គ្រូជំនួយ លើ៥ ប្រភេទកីឡា ដែលយកឈ្នះពីលើឆាកអន្តរជាតិផ្សេងៗពីគ្នាកន្លងមក ដែលពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ។

អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានឱ្យដឹងថា ប្រាក់រង្វាន់សរុបចំនួន ៤៧៣.៥០០.០០០ រៀលនេះត្រូវបានបែងចែកប្រគល់ជូនដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូ ជំនួយ ដែលទទួលបានជ័យលាភីពីព្រឹត្តិការណ៍អន្តរជាតិនានាដូចជា៖១-រង្វាន់កីឡាគុនដាវ ការប្រកួត កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១ នៅប្រទេសម៉ាឡេស៊ី ដែលមានប្រាក់រង្វាន់ សរុបចំនួន ២១.០០០.០០០រៀល សម្រាប់គ្រូ និងកីឡាករ ៣នាក់។

២-កីឡាការ៉ាតេដូជ្រើសរើសជើងឯក អាស៊ី អាគ្នេយ៍ លើកទី៧ នៅប្រទេសវៀតណាម មានទឹកប្រាក់សរុប ចំនួន៤៩.៦០០.០០រៀល ដែលមានគ្រូ កីឡាករ កីឡាការិនី៦នាក់។ ៣-កីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯក នៅប្រទេសហ្វីលីពីន ប្រាក់ រង្វាន់ចំនួន ១៤៨.៩០០.០០០រៀល ជូនដល់គ្រូ កីឡាករ កីឡាការិនី១៨នាក់។ ៤-កីឡាប្រណាំង ទោចក្រយាន ជ្រើសរើសជើងឯកអាស៊ី នៅប្រទេសមីយ៉ាន់ម៉ា ប្រាក់រង្វាន់ ៤៥.០០០.០០០រៀល សម្រាប់គ្រូបង្វឹក និងអត្តពលិក៣នាក់។៥-កីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី១ នៅ ប្រទេសថៃ ដែលមានប្រាក់រង្វាន់សរុប ២០៩.០០០.០០០រៀល ជូនដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន១៣នាក់។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ និងតំណាំង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា មានប្រសាសន៍ថា ប្រាក់រង្វាន់ទាំងនេះ ថ្វីដ្បិតតែយឺតមែន ប៉ុន្តែគឺជាការខិតខំរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ដែលបានខិតខំស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយសម្រេចបាន និងប្រគល់ជូននាពេលនេះ។ ឯកឧត្តមបានលើកទឹកចិត្តឲ្យសហព័ន្ធកីឡាជាតិ និងអត្តពលិកលើប្រភេទកីឡាទាំងអស់ត្រូវបន្តការខិតខំបន្ថែមទៀត ដើម្បីដណ្តើមបានកិត្តិយស និងមេដាយយកមកជូនជាតិ នាពេលខាងមុខជាបន្តទៀត ជាពិសេស នេះស៊ីហ្កេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner