ប្រតិភូកីឡានិស្សិតកម្ពុជាត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីដណ្តើមបានមេដាយ២៧គ្រឿង

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមប្រតិភូកីឡា និស្សិតកម្ពុជា ២ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡា គឺប៉េតង់ និងវាយកូនឃ្លីលើតុ បានមកដល់មាតុប្រទេសវិញ ព្រមទាំងនាំមកនូវមេដាយមាស ប្រាក់ និងសំរិទ្ធ មកជាមួយផង កាលពីល្ងាចថ្ងៃព្រហស្បតិ៍តម្សិលមិញ បន្ទាប់ពីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី១៩ នៅទីក្រុង ណាយពីដរ ប្រទេសមីយ៉ាន់ម៉ា។

នេះជាក្រុមទី២ បន្ទាប់ពីអត្តពលិក២ប្រភេទកីឡាបានមកដល់មុន គឺកីឡាហែលទឹកនិងអត្តពលកម្ម ដែលមិនទទួលបានមេដាយ។ ដោយឡែក ប្រតិភូកីឡានិស្សិតកម្ពុជាចុងក្រោយក៏បានមកដល់កម្ពុជាវិញដែរ  នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ ក្នុងនោះមានក្រុម កីឡាករ វ៉ូវីណាម និងការ៉ាតេដូ។

សម្រាប់បេសកកម្មនេះ កម្ពុជាបានបញ្ជូនកីឡាត្រឹម៦ប្រភេទប៉ុណ្ណោះទៅចូលរួមចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ក្នុងនោះមានកីឡា ៤ប្រភេទ ដណ្ដើមបានមេដាយជូនជាតិ រួមមានកីឡាវ៉ូវីណាម ឈ្នះមេដាយមាស៤ ប្រាក់៥ និងសំរិទ្ធ៨។ កីឡាប៉េតង់ ឈ្នះមេដាយមាស១ ប្រាក់៤ និងសំរិទ្ធ១។ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយប្រាក់១ និងកីឡាការ៉ាតេដូ ឈ្នះមេដាយសំរិទ្ធ៣។ រីឯកីឡាមិនទទួលបានមេដាយ គឺកីឡា អត្តពលកម្ម និងកីឡាហែលទឹក។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី១៩ ឆ្នាំ២០១៨នេះ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេស ដោយដណ្ដើមបានមេដាយសរុបលើ ២៧ វិញ្ញាសា រួមមានមេដាយមាស៥ ប្រាក់១០ និងសំរឹទ្ធ១២៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner