សហព័ន្ធកីឡាជាតិមួយចំនួន អាចមិនមានអវត្តមាន ក្នុងស៊ីហ្គេម ២០២៣ នៅកម្ពុជា បើមិនធ្វើតាមផែនការយុទ្ធសាស្រ្តត្រឹមត្រូវ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា សហព័ន្ធកីឡាជាតិណា ដែលមិនអាចធ្វើតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ជូន ជាពិសេសបន្ទាប់ពីឆ្លងកាត់វគ្គសិក្សាពីគ្រូជំនាញកីឡាកម្រិតខ្ពស់មកពីអាល្លឺម៉ង់ អាចនឹងអវត្តមាន ក្នុងព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខនេះ។

ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា វគ្គបណ្ដុះបណ្ដាលពិសេសស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ ដែលកំពុងសិក្សារយៈពេល៣សប្តាហ៍នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់សហព័ន្ធនានា ក្នុងការអនុវត្តខ្លួនឲ្យទទួលបានជោគជ័យ និងប្រកបដោយគុណភាណ។ ឯកឧត្តមបន្ថែមទៀតថា វគ្គសិក្សានេះផ្ដោតសំខាន់ យុទ្ធសាស្ត្រកីឡាតែម្ដង ធ្វើឲ្យសហព័ន្ធ ឬអ្នកកីឡាត្រៀមខ្លួនយ៉ាងណាទើបអាចចូលរួមក្នុងព្រឹត្តិការធំៗបាន ឬការធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីឲ្យបានល្អ។

វគ្គសិក្សាដែលបង្រៀនដោយលោក Gunter Lange គ្រូឧទ្ទេសមកពីប្រទេស អាល្លឺម៉ង់ លើ៣ជំនាញធំៗ៖ គឺផ្តោតសំខាន់លើ ការយកចិត្តទុកដាក់ពិសេសលើកីឡា ដែលមានសក្តានុពលសម្រាប់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ការរក្សារចនាសម្ព័ន្ធឲ្យមាននិរន្តរភាព ការគ្រប់គ្រងគម្រោង ព័ត៌មានទីផ្សារ ការកំណត់អត្តសញ្ញាណកម្មទេពកោសល្យ និងការអភិវឌ្ឍ ការអប់រំគ្រូបង្វឹក គុណភាពកម្លាំងកាយទូទៅ និងគុណភាព កម្លាំងអត់ធ្មត់ជាដើម។

គួរបញ្ជាក់ថា  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងធ្វើការវាយតម្លៃប្រចាំឆ្នាំ ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយបើសហព័ន្ធណាដែលយកទៅអនុវត្តនៅមានភាពទន់ខ្សោយ មិនត្រឹមត្រូវតាមផែនការ នឹងលុបឈ្មោះចេញពីព្រឹត្តិការណ៍ស៊ីហ្គេម ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា  វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីគ្រូឧបទេសជំនាញកីឡាកម្រិតខ្ពស់មកពីប្រទេសអាល្លឺម៉ង់ ហើយសិក្សារយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ៣១ ខែធ្នូ ២០១៨ ។ សិក្ខកាម មកពី៤៥សហព័ន្ធកីឡាជាតិចូលរួម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner