អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា អះអាងថា ព្រឹត្តការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ ឬ Ultra Trail ធ្វើឡើងដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍វប្បធម៌ ទៅកាន់ភ្ញៀវទេសចរ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តការណ៍ រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី៤ ប្រចាំឆ្នាំ២០១៩ ឬ Ultra Trail លើចម្ងាយ១២៨គីឡូម៉ែត្រ ដែលគ្រោង នឹងធ្វើឡើងនៅទី១៩-២០ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍វប្បធម៌ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នេះជាលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារពត៌មាន នាព្រឹកថ្ងៃអង្គារនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯ ឧ វ៉ាត់ ចំរើន បញ្ជាក់ទៀតថា គោលបំណងសំខាន់ៗរបស់ព្រឹត្តការណ៍កីឡាទេសចរណ៍នេះ រួមមាន៖ ទី១ គឺធ្វើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ នៅក្នុងតំបន់ទេសរណ៍វប្បធម៌មួយនេះ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា ស្របតាមអនុសាសន៍ ណែនាំរបស់ឯ ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំទិវាកីឡាទេសចរណ៍ឲ្យកាន់តែច្រើន និងទាក់ទាញទេសចរណ៍ឲ្យកាន់តែច្រើន ជាមួយនឹងព្រឹត្តិការណ៍ដទៃទៀត ដែលគេហៅថា ជាផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ។

ឯ ឧ អគ្គលេខាធិការ បន្ថែមថា ព្រឹត្តការណ៍ Angkor Ultra Trail នេះ បានរួមចំណែក ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ហើយទិវាកីឡាទេស ចរណ៍នេះ បានក្លាយជាចរន្តទេសចរណ៍ពិភពលោកគួរអោយទាក់ទាញ ។  ដែលអ្នកទេសចរភាគច្រើន លើពិភពលោក ប្រមាណពី២០ទៅ៣០% គឺជាអ្នកទេសចរកីឡា ដូច្នេះកម្ពុជាចាប់ផ្តើមរៀបចំទិវានេះ និងផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ ។

ឯ ឧ បន្តថា ទិវានេះនឹងជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ហើយចំពោះថវិកា ដែលនៅសល់ពីការរៀបចំនឹងយកទៅធ្វើកិច្ចការសប្បុរសធម៌ ផងដែរ ។
ដោយឡែកលោក Edouard George ប្រធានក្រុមហ៊ុន  Phoenix Voyages ដែលជាអ្នកសហការរៀបចំទិវារត់ប្រណាំងចម្ងាយឆ្ងាយនេះ បញ្ជាក់ថា ព្រឹត្តការណ៍នេះ ចែកចេញ៤វិញ្ញាសា គឺរត់១៦គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ និង១២៨គីឡូម៉ែត្រ ។

ចំពោះការចុះឈ្មោះវិញ គិតត្រឹមថ្ងៃនេះ មានកីឡាករ កីឡាការិនី ចំនួន១០០០នាក់ហើយ មកពី៤២ប្រទេស ។ ព្រឹត្តិការណ៍នឹងត្រូវចាប់ផ្តើមរត់នៅពេលព្រឹកថ្ងៃទី១៩ មករា និងបញ្ចប់នៅពេលព្រឹកថ្ងៃបន្ទាប់ ក្នុងរយៈពេល ២៤ម៉ោង ដោយត្រូវរត់ទាំងថ្ងៃ ទាំងយប់ ប៉ុន្តែមានការសម្រាកខ្លះៗដែរ  ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner