មាន៣១ក្រុម ចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់អន្តរក្រសួងស្ថាប័ន រដូវកាលថ្មី ២០១៨នេះ

អត្ថបទដោយ៖
Kien Sereyvuth

សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារពត៌មាន និងចាប់ឆ្នោតចែកពូល ដល់ក្រុមចូលរួមចំនួន៣១ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ នៅសណ្ឌាគារ រ៉េស៊ីដង់សុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៦ រដូវ កាលថ្មី ២០១៨ ដែលគ្រោងនឹងបើកការប្រកួតជាផ្លូវការ នាថ្ងៃរសៀលថ្ងៃទី១៥ខែធ្នូ ខាងមុខឆាប់ៗនេះ នៅ ទីលាន Premium Sport Club ។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតការប្រកួតដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នបានស្នើឲ្យកីឡាករ ដែលជាមន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័ននានាគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ និងគោរពគោល ការណ៍លេងដោយយុត្តិធម៌ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាពជាចម្បង ដើម្បីរួមគ្នាបង្កឲ្យព្រឹត្តិការណ៍ បាល់ទាត់មួយនេះទទួលបាននូវភាពជោគជ័យ។

ជាមួយគ្នានោះឯកឧត្តមក៏សូមឲ្យកីឡាករទាំងអស់កុំប្រើប្រាស់ ពាក្យសម្តីណាមួយដែលមិនសមរម្យ នៅពេលប្រកួត ដើម្បីរក្សាបានជាគំរូល្អក្នុងនាមជាមន្ត្រីរាជការផង និង ជាយុវជនល្អផង។
ព្រឹត្តិការណ៍នេះទទួលបានភាពទាក់ទាញ និងការគាំទ្របានកាន់តែខ្លាំងឡើងៗពីមួយរដូវកាល ទៅមួយ រដូវកាល ដោយមានក្រុមចូលរួមបានកើនឡើងជាលំដាប់ រីឯបណ្តាក្រុមហ៊ុននានាក៏ស្ម័គ្រចិត្តចូលរួមឧបត្ថម្ភ គាំទ្រក៏កាន់តែកើនឡើងដូចគ្នាផងដែរ ជាពិសេសគឺនៅរដូវកាល ២០១៨នេះ មាក្រុមហ៊ុនចំនួន៤បន្ថែមបាន ចូលរួមឧបត្ថម្ភ ។

សូមបញ្ជាក់ថា ការប្រកួតនេះគ្រោងនឹងដំណើរការពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយមានក្រុមមកពីក្រសួងស្ថាប័នចំនួន៣១ក្រុម និងចែកចេញជា៨ពូល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner