ប្រធានសហព័ន្ធកីឡាល្បុក្កតោ ស្នើឲ្យខិតខំអភិរក្ស និងអភិវឌ្ឍបន្ថែមកីឡាគុនល្បុក្កតោ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

អត្ថបទដោយ៖
ហេង វណ្ណា

ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានស្នើឲ្យសមាជិកប្រតិបត្តិសហព័ន្ធ ព្រឹទ្ធាចារ្យ កីឡាករ កីឡាការិនី ព្រមទាំង បណ្តាក្លិបនានាទូទាំងប្រទេស ត្រូវបន្តការខិតខំលើការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត សម្តែងនៅលើឆាកអន្តរជាតិ ជាពិសេសគឺត្រៀមខ្លួន ក្នុងឋានៈជាប្រភេទកីឡាប្រពៃណីវប្បធម៌របស់ជាតិ នៅក្នុងព្រឹត្តិការណ៍កីឡា ថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារ ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានបន្ថែមថា ក្នុងនាមជាម្ចាស់ក្បាច់គុនល្បុក្កតោ ដែលគ្រោងនឹងដាក់ឲ្យ ប្រកួតនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣នោះ គឺយើងត្រូវធ្វើយ៉ាងណាត្រូវប្រជែងមេដាយមាស ដោយមិនត្រូវឲ្យរបូត មេដាយមាសនោះឡើយ ព្រោះពេលនោះ កម្ពុជាគឺជាម្ចាស់ផ្ទះផង និងជាម្ចាស់ក្បាច់គុនប្រពៃណីមួយនេះផង ដូច្នេះគ្រប់សមាសភាពពាក់ព័ន្ធនៃវិស័យកីឡាគុនល្បុក្កតោ គប្បីត្រូវគិតគូក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីមុខ មាត់ប្រទេសជាតិផងដែរ។ នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍវិស័យកីឡានេះដែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណោមសហព័ន្ធកីឡាដទៃទៀត និងមិនខ្វះបាននៅក្នុងការដឹកនាំ គ្រប់គ្រង ហើយបន្តការអភិរក្ស និងអភិវឌ្ឍន៍ កីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណរបស់ជាតិសាសន៍យើង បន្ទាប់ពីបុព្វបុរសខ្មែរជំនាន់ដើមឲ្យបានរីកចម្រើន មាននិរន្តរភាព សម្រាប់ទុកជាមរតកបន្តដល់កុលបុត្រកុល ធីតាខ្មែរជំនាន់ក្រោយៗទៀត។ បើទោះបីជាការអភិវឌ្ឍប្រភេទកីឡានេះនៅមានកម្រិតយ៉ាងណាក្តី ប៉ន្តែសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមិនដែលរុញរាក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបំពេញការងារ ទៅមុខទៀត។ ព្រមជាមួយគ្នានោះយើងកំពុងពង្រីកវិសាលភាព របស់ប្រភេទកីឡានេះទាំងនៅក្នុង ប្រទេស ដូចជាសហការជាមួយក្រសួងការពារជាតិ ក្នុងការរៀបចំចងក្រងក្បាច់គុនកង យោធពលខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទហាត់ហ្វឹកហ្វឺន។ សហការជាមួយក្រសួងវប្បធម៌ និងគណៈ កម្មាធិការជាតិអូឡាំពិក ក្នុងការរៀបចំឯកសារ ដើម្បីដាក់បញ្ចូលគុនល្បុក្កតោ ក្នុងសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សរបស់អង្គការយូណេស្កូ។

ឯកឧត្តមប្រធានសហព័ន្ធរូបនេះ បញ្ជាក់ទៀតថា ចំពោះនៅលើឆាកអន្តរជាតិវិញសហព័ន្ធតែងតែបញ្ជូនមន្ត្រីរបស់ខ្លួន ដើម្បីចូលរួមប្រជុំ និងបញ្ជូនកីឡាករកីឡារិនីចូលរួមការប្រកួតនានា ដែលរៀបចំដោយសម្ព័ន្ធ កីឡាយុទ្ធសិល្ប៍ពិភពលោក ដែលមាន៤៤ប្រទេស និង៦១ស្ថាប័នជាសមាជិក ដើម្បីទទួលបាននូវពត៌មាន និងចំណេះដឹងថ្មីៗ ក្នុងការអភិវឌ្ឍក្បាច់គុនបុរាណរបស់ខ្មែរឲ្យទាន់ដំណើការវិឌ្ឍ នៃក្បាច់គុននានាទូទាំងពិភពលោក និងជាពិសេសគឺការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោកម្ពុជាទៅលើឆាក អន្តរជាតិទៀតផង។ ជាមួយគ្នានោះគុនល្បុក្កតោត្រូវបានបង្កើតឲ្យមានសមាជិកនៅក្រៅប្រទេស ដូចជា សហព័ន្ធកីឡាគុនល្បុក្កតោនៅអឺរ៉ុប ដែលមានទីស្នាក់ការនៅបារាំង និងសមាគមល្បុក្កតោផ្សេងទៀតដូចជានៅ ប្រទេសអឺរ៉ង់ តួកគី អូស្ត្រាលី អាម៉េរិកជាដើម ហើយនៅយើងនឹងព្យាយាមពង្រីកបន្ថែមប្រទេសក្នុងតំបន់សម្រាប់ត្រៀមលក្ខណៈប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ដែរថា សម្រាប់ទិសដៅការងារបន្ទាប់ ក្នុងឆ្នាំ២០១៩ខាងមុខ គឺសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានកាតព្វកិច្ចធំៗដូចជា ការត្រៀមចុះបញ្ជីគុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបង្ហាត់កងទ័ព និងបង្ហាត់ក្នុងមុខវិជ្ជាអប់រំកាយ និងកីឡា និងគោលដៅត្រៀម ខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner