ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ ទាក់ទាញបានភ្ញៀវទេសចរ១០៥០០ នាក់

អត្ថបទដោយ៖
ហេង វណ្ណា

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ទើបធ្វើភ្ញៀវទេសចរមានកំណើនក្នុងទិវារត់ប្រណាំងពាក់កណ្តលម៉ារ៉ាតុងអង្គរអន្ដរជាតិ លើកទី២៣ឆ្នាំនេះ បានបង្កើតនូវកំណត់ត្រាថ្មី ដែលជាមោទកភាព និងលើកកិត្តិយសជាតិទាំងមូល ដោយមានភ្ញៀវទេសចរចូលរួមច្រើន ពិសេសភ្ញៀវបរទេស ដែលកើនជាង ២០% បើធៀបនឹងឆ្នាំមុន។ ឯកឧត្តមសង្កត់ធ្ងន់ថា ដោយសារកម្ពុជាមានស្ថរភាព និងសុខសន្តិភាពពេញលេញ ទើបធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ នាំយកកូនចៅមកជាមួយ មានន័យថា ពួកគេជឿជាក់ ចំពោះភាពកក់ក្ដៅ ក្នុងដំណើរកម្សាន្ដរបស់គេ តែបើស្រុកទេសយើង គ្មានសន្ដិភាព គ្មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍនោះ គេមិនមែននាំទាំងគ្រួសារមកចូលរួមទេ។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរឆ្នាំនេះ គឺមានអត្តពលិកសរុប ១ម៉ឺន៥០០នាក់ មកពី៧៨ប្រទេសចូលរួមកើន ១៥% បើធៀបនឹងឆ្នាំ២០១៧ ខណៈមានបរទេស ៥,២០០នាក់កើន ២០% ដោយជនជាតិអង់គ្លេស ឈរលេខ១ អាម៉េរិក ឈរលេខ២ និងបារាំង ឈរលេខ៣។

ចំពោះលទ្ធផលវិញ វិញ្ញាសាររត់២១គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករបារាំង Cuzzucoli Valentin លេខ២ បានទៅកីឡាករជប៉ុន Daisuke Yamauchi និងលេខ៣កីឡាករចិន Chap Manjackey ។ ចំណែករត់ ២១គីឡូម៉ែត្រផ្នែកនារី លេខ១ កីឡាការិនីអូស្ដ្រាលី Rosel Bec លេខ២ កីឡាការិនីអៀកឡង់ Maire Nic Amhlacibh និងលេខ៣ កីឡាការិនីអាហ៊្វ្រិកខាងត្បូង Small Bronuyn។ រីឯវិញ្ញាសារ ១០គីឡូម៉ែត្របុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា លេខ២ កីឡាករកម្ពុជា ជា សម្ភស្ស និងលេខ៣ កីឡាករអូស្ដ្រាលី Happell James ស្របពេលផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Clarke Lyndsay លេខ២ កីឡាការិនីជប៉ុន Watanabe Chiharu និងលេខ៣ កីឡាការិនីបារាំង Geyercarles Maeva។ លើសពីនេះ ក៏មានការរត់ចម្ងាយ២១គីឡូម៉ែត្រ និង១០គីឡូម៉ែត្រជនពិការ រួមទាំងប្រណាំងរទេះជនពិការអបអរសាទរព្រឹត្តិការណ៍អន្ដរជាតិនេះផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner