ពានរង្វាន់កីឡាហែលទឹកតេជោសែន ឆ្នាំក្រោយនឹងបង្កើនវិញ្ញាសារបាល់ទឹកមួយទៀត

អត្ថបទដោយ៖
ហេង វណ្ណា

បន្ទាប់ពីទទួលបានប្រជាប្រិយភាព និងទាក់ទាញអ្នកចូលរួមទស្សនាគាំទ្រយ៉ាច្រើន ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ពានរង្វាន់កីឡាហែលទឹកតេជោសែន លើកទី៥ ឆ្នាំក្រោយ និងបង្កើនវិញ្ញាសារថ្មីបាល់ទឹកមួយទៀត ដើម្បីឲ្យវិស័យកីឡាហែលទឹកកាន់ តែមានសកម្មភាពផុសផុល ជាពិសេសបំផុសផ្នត់គំនិតយុវជន យុវនារីឲ្យចូលចិត្តលេង និងហ្វឹកហាត់កីឡាមួយនេះកាន់តែច្រើន ក្នុងន័យស្វែងរកធនធានកីឡាករ កីឡាការិនី ដែលមានសមត្ថភាពពិតយកមកហ្វឹកហាត់បំប៉នបន្ថែមត្រៀមការប្រកួតនានា ជាពិសេសព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាឆ្នាំ២០២៣។ ឯកឧត្តម បានវាយតម្លៃថា ការប្រកួតឆ្នាំនេះមានអត្តពលិកវ័យក្មេងច្រើនចូលរួមប្រជែង រីឯសិទ្ធផលវិញឃើញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាងឆ្នាំកន្លងទៅ។ ឯកឧត្តម ជឿជាក់ថា ៥ឆ្នាំទៀត នៅពេលកម្ពុជាទទួលសិទ្ធិជាម្ចាស់ផ្ទះស៊ីហ្គេម អត្តពលិកហែលនឹងអាចឈ្នះមេដាយមិនខាន ដូច្នេះសូមកីឡាករ កីឡាការិនីទាំងអស់បន្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។

ចំណែកលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា ឆ្នាំនេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសហព័ន្ធបានបង្កើតកម្មវិធីសប្បាយៗ២ ខុសពីឆ្នាំមុនៗនោះ គឺទី១សហព័ន្ធបង្កើតវិញ្ញាសារប្រកួតបាល់ទឹកមិត្តភាពទី២ បង្កើតឲ្យមានការប្រគុំតន្ត្រីពីក្រុមល្បី។ អគ្គលេខាធិការរូបនេះបន្តថា ការប្រកួតហែលទឹកពានរង្វាន់តេជោសែនលើកទី៤ នេះចំនួនក្លិប និងអត្តពលិក ក៏មានចំនួនកើនឡើងដូចគ្នា ហើយសហព័ន្ធក៏បានបន្ថែមប្រាក់រង្វាន់ជ័យលាភីលើសពីឆ្នាំមុនៗដែរ ដើម្បីលើកទឹកចិត្តអត្តពលិកឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង។

ចំពោះលទ្ធផលវិញ ការប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែនលើកទី៤ ឆ្នាំ២០១៨នេះ វិញ្ញាសារហែលបណ្តាក់របៀបសេរីផ្នែកនារី ៤គុណ១០០ម៉ែត្រ លេខ១ ក្លិបនាគរាជកំពង់ចាម លេខ២ ក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន លេខ៣ ក្លិបក្រសួងមហាផ្ទៃ វិញ្ញាសារហែល៤របៀបបុរស ៤គុណ១០០ម៉ែត្រ លេខ១ ក្រសួងសាធារណការ លេខ២ ក្រសួងមហាផ្ទៃ និងលេខ៣ ក្លិបក្រសួងហិរញ្ញវត្ថុ ដោយពានក្រុមមេដាយមាសបានលើក្រសួងសាធារណការ និងដឹកជញ្ញូន មេដាយប្រាក់ក្លិបក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធ ក្លិបសាលាខេនរិតអន្តរជាតិ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner