ក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងមហាផ្ទៃដណ្តើមបានមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ រីឯខេត្តកំពង់ឆ្នាំងលេខ២ ខេត្តក្រចេះលេខ៣ ខណៈសិទ្ធផលកីឡាករ កីឡាការិនី ក៏មានការរីកចម្រើន និងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ចៅក្រម ក៏បានកាត់សេចក្តីអនុលោមតាមច្បាប់អន្តរជាតិ ដែលសហព័ន្ធបាននាំយកច្បាប់អន្តរជាតិមកអនុវត្ត ដើម្បីជំរុញលើកកម្ពស់សិទ្ធផលកីឡាករការិនី ពិសេសគឺពង្រឹងធនធាន ចៅក្រម អាជ្ញាកណ្តាល ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ បានបញ្ចប់ទៅយ៉ាងរលូន និងមានការសហការគ្នាបានល្អ និងអត្តពលិកដែលបានចូលរួមមានការរីកចម្រើន។ លោកបន្តទៀតថា ដោយសារមានការបង្កើនប្រាក់រង្វាន់ជ័យលាភីទ្វេដងពីឯកឧត្តម បណ្ឌិត ថោងខុន ប្រធានសហព័ន្ធ បានជំរុញលើកទឹកធ្វើឲ្យកីឡាករការិនីខិតខំប្រកួតប្រជែងអស់ពីលទ្ធភាព ហើយសិទ្ធផលដែលកើតចេញពីការប្រឹងប្រែងរបស់ពួកគេ អំឡុងពេលប្រកួតប្រជែងនេះ វានិងក្លាយជាទម្លាប់មួយអោយពួកគេបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បី ជំរុញវិវឌ្ឍន៍សមត្ថភាពឈានទៅដណ្តើមជ័យលាភីឆ្នាំបន្តបន្ទាប់ទៀត។ ចំណែក ចៅក្រម អាជ្ញាកណ្តាល និងគណៈកម្មាការ ក៏បានបន្ថែមប្រាក់ឧបត្ថម្ភលើសពីឆ្នាំមុនៗដែរ ហើយចំពោះកីឡាករការិនី គ្រូបង្វឹក ដែលមកពីខេត្តត្រូវបានការឧបត្ថម្ភ ហូបចុកស្នាក់យ៉ាងសមរម្យ។

អគ្គលេខាធិការដដែលអះអាងថា សម្រាប់ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធចាយថវិកាជាង២ម៉ឺនដុល្លារអាម៉េរិក លើប្រាក់រង្វាន់ជ័យលាភី ចៅក្រម អាជ្ញាកណ្តាល និងផ្គត់ផ្គង់លើការហូបចុក ស្នាក់នៅរបស់កីឡាករ កីឡាការិនី និងប្រតិភូមកពីបណ្តាខេត្ត។ ចំពោះប្រាក់រង្វាន់ជើងឯកឆ្នាំនេះ ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ ៥០០,០០០ រៀល លេខ២ ៤០០,០០០ រៀល និងលេខ៣ ៣០០,០០០ រៀល រីឯវិញ្ញាសារក្រុមវិញ គុណនឹងចំនួនកីឡាករកីឡាការិនី។ សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី២នេះ ក្រុមក្រសួងមហាផ្ទៃដណ្តើមបានមេដាយច្រើនជាងគេ លេខ២ខេត្តកំពង់ឆ្នាំង និងលេខ៣ខេត្តក្រចេះ និងលេខ៤ ខេត្តតាកែវ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner